ខេត្តកំពតមានមុខរបរត្បាញចចូតចំនួន៣១គ្រួសារ ស្ថិតក្នុងស្រុកកំពង់ត្រាច កំពុងមានការគាំទ្រច្រើន “ចចូត” គឺជាឈ្មោះស្មៅមួយប្រភេទពួកកក់ សម្រាប់ត្បាញកន្ទេល កន្ត្រក មួក ការ៉ុង និងអាចត្បាញជាសម្ភារះតាំងលម្អជាច្រើនដែលបច្ចុប្បន្នកំពុងមានការពេញនិយម និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ពិសេសតាមសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តផ្សេងៗ។ របរនេះកំពុងមានការលើកទឹកចិត្តឱ្យបន្តទៅមុខកុំបោះបង់ ខណៈកំពុងមានតម្រូវការច្រើន និងដើម្បីកុំឱ្យបាត់បង់។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានចុះជួបសំណេះសំណាលជាមួយស្ត្រីដែលមានមុខរបរជាអ្នកត្បាញចចូតចំនួន៣១គ្រួសារ ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនោះ លោកជំទាវបានណែនាំដល់សាខាសមាគមនារីឱ្យចុះជួបសំណេះសំណាល និងស្វែងយល់ពីតម្រូវការផ្សេងៗរបស់ស្ត្រីនៅតាមបណ្តាភូមិ-ឃុំ ដើម្បីរួមចំណែកក្នុងការដោះស្រាយសំណូមពរ ក៏ដូចជាតម្រូវការផ្សេងៗរបស់ពួកគាត់។
លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាខេត្ត បានលើកឡើងថា បច្ចុប្បន្នតម្រូវការផលិតផលដែលត្បាញដោយចចូតរបស់ស្ត្រី គឺមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសព្រោះផលិតផលពីចចូតទាំងនោះគេអាចយកទៅដាក់តាំងលម្អ និងសម្រាប់ប្រើប្រាស់ដើម្បីលើកសោភ័ណភាពផងដែរ។
លោកជំទាវលើកទឹកចិត្ត និងជំរុញដល់ស្ត្រីដែលមានមុខរបរជាអ្នកត្បាញចចូតទាំងអស់ កុំបោះបង់ ហើយបន្តត្បាញឱ្យចេញជាផលិតផលផ្សេងៗតាមតម្រូវការរបស់ភ្ញៀវឱ្យបានច្រើន ព្រោះបច្ចុប្បន្នផលិតផលពីចចូតកំពុងមានការគាំទ្រ ហើយនៅពេលដែលទទួលបានការគាំទ្រច្រើន ចំណូលក៏ទទួលបានច្រើន បង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើងបន្ថែមទៀត។
ចំពោះមុខរបរត្បាញចចូតរបស់អ្នកភូមិច្រេស ឃុំបឹងសាលាខាងត្បូង ធ្វើឡើងដោយដៃមិនមានប្រើប្រាស់ម៉ាស៊ីនអ្វីនោះទេ ហើយចចូតអាចផលិតចេញជាសម្ភារច្រើនប្រភេទដូចជា កន្ទេល កាបូប មួក កន្ត្រក ប្រដាប់ដាក់អីវ៉ាន់ ធ្វើជាចំណង តុបតែង ឬអំបោះចចូត គ្រឿងតាំងលម្អជញ្ជាំង កំរាលតុ និងបំពង់បឺត ដើម្បីជំនួសបំពង់បឺតប្លាស្ទិក រួមជាមួយនឹងសម្ភារៈផ្សេងៗជាច្រើនទៀតផងដែរ៕
ដោយ ៖ ប៉ៃ សុឃីម









