ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺនៅថ្ងៃទី០៤ ខែធ្នូនេះថា បុរសដែលពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គូប៉ូលីស មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌបឹងកេងកង គឺបុរសនោះមិនមែនជាប៉ូលីសនោះទេ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនីតិវិធី។ ករណីនេះ ក៏មានប្រជាពលរដ្ឋលើកជាយោបល់ និងប្រតិកម្មដែរថា៖ គួរតែមានវិធានកាណ៍ក្តៅលើជនដែលក្លែងបន្លំឯកសណ្ឋានជានគរបាល ពីព្រោះមិនដឹងថាពួកនេះវាពាក់ក្នុងបំណងអីទេ មិនដឹងថាយកទៅជំរឹតទារប្រាក់គេឬប្រព្រឹត្តបទល្មើស ឬក៏ធ្វើអ្វីផ្សេង អាចបង្ករឱ្យមានផលប៉ះពាល់ដល់កងកម្លាំងនរគរបាលពិតប្រាកដនៅពេលដែលជនស៊ីវិលក្លែងបន្លំ។
ចំណែកពលរដ្ឋម្នាក់ទៀត លើកឡើងថា រឿងឡូហ្គោហ្នឹង ប្រជាពលរដ្ឋមិនអាចបែងចែកថា មួយណាពិត មួយណាទៅទិញពីផ្សារយកមកពាក់នោះទេ។ រីឯពលរដ្ឋម្នាក់ទៀត បានចោទជាសំណួរថា៖ «មិនមែនសមត្ថកិច្ចតែហេតុអ្វីបានជាមានផ្លាកលេខនគរបាលវិញ? ខ្ញុំអត់យល់ថាវាយកមកពីណា? ម៉េចបានចេះតែឱ្យវាយកមកដាក់ម៉ូតូបានស្រួលៗម៉្លេះ?»។
គួររំលឹកថា កាលពីយប់ថ្ងៃទី២ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវប្រសព្វ៣៣៨ លើផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រវាងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1C-6571 បើកបរដោយឈ្មោះ គង់ វណ្ណី ភេទប្រុស មុខរបរបុគ្គលិកពេទ្យ និងម៉ូតូម៉ាក HONDA PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-0344 បើកបរដោយឈ្មោះលឹម សំណាង ភេទប្រុស មុខរបរលក់ដូរ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួស និងខូចខាតម៉ូតូធ្ងន់ទាំង០២គ្រឿង។ ក្នុងនោះ សមត្ថកិច្ចបានត្រួតពិនិត្យជាតិអាល់កុល ជាលទ្ធផលអ្នកបើកម៉ូតូ HONDA DREAM ពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលីសមានជាតិអាល់កុល 0,35ml/L និងបានសារភាពប្រាប់សមត្ថកិច្ចថាគាត់មិនមែនជានគរបាលទេ អាវដែលគាត់ពាក់មានឡូហ្គូប៉ូលីស គឺគាត់បានពីមិត្តភក្តិ៕
ដោយ៖ ង៉ែត ពិសាន្ត


