跳至正文
西哈努克省电视台 · 官方网站
登录

មន្រ្តីជំនាញចុះពិនិត្យទីតាំងក្រុមហ៊ុនមួយដែលសង្ស័យបង្ហូរសារធាតុបំពុលចូលទឹក«អូរឬស្សី»នៅខេត្តកំពង់ឆ្នាំង

KPS99TV历史原文 · 暂无当前语言译文

ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់តឹងរឹង ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុលពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD.ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោងាប់ចំនួន៤ក្បាល នៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅតាមអូរឬស្សីដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។

ដោយមានការគាំទ្រ និងសហការពីអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីក្រសួងរ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។

ក្រុមការងារបានបន្ត ត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពុងពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។

រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន នៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់ «អូរឬស្សី» ដែលមានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងបរិស្ថានបានចាត់វិធានការ និងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យ និងតាមដានករណីនេះ ដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ក្នុងពេលនេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់នៅជិតអូរ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…