跳至正文
西哈努克省电视台 · 官方网站
登录

ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០លាននាក់

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ឱ្យដឹងថា ថ្នាល verify របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលហ្វីលីពីន យកទៅប្រើប្រាស់លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០លាននាក់។

ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា “ក្រៅពីជោគជ័យក្នុងប្រទេស, ថ្នាល verify បានក្លាយជាឧត្តមានុវត្តន៍ដែលត្រូវបានប្រទេសជាមិត្តក្នុងតំបន់ ដកពិសោធ។ ជាក់ស្តែង ខ្ញុំបានទទួលព័ត៌មានពីអនុរដ្ឋមន្ត្រីហ្វីលីពីន ថា ហ្វីលីពីន បានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០លាននាក់ និងមានប្រតិបត្តិការជាង ១៦៤លានដង ក្នុងរយៈពេលដ៏ខ្លី ដែលបង្ហាញពីសក្តានុពលយ៉ាងធំសម្បើមនៃបច្ចេកវិទ្យារបស់កម្ពុជា។”

បើតាមឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ១ឆ្នាំមកនេះ ថ្នាល verify.gov.kh ដែលជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពនៃការប្រើប្រាស់យ៉ាងទូលំទូលាយ។ គិតមកដល់ពេលនេះ ថ្នាល verify ត្រូវបានប្រើប្រាស់ក្នុងក្រសួង ស្ថាប័នចំនួន ១៦ និងគ្រឹះស្ថានអប់រំចំនួន ៣១ ដែលមានឯកសារសរុបជាង ៤ លាន។

បន្ថែមលើនេះ ឯកឧត្តម ជា វ៉ាន់ដេត បានឱ្យដឹងទៀតថា ក្រសួង ក៏បានដាក់ឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនទៀតផងដែរ ដូចជា កម្មវិធី DG SuperApp ថ្នាលផ្ទុកឯកសារសាធារណៈ go.gov.kh ផ្ទាលបញ្ជូនសារ nomsa.gov.kh ផ្ទាលបង្កើតទម្រង់បែបបទ form.gov.kh កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទជាសម្លេងសារិកា SARIKA។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (http://verify.gov.kh/) គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

评论

正在加载评论…