跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុនឹងមានពហុកីឡាដ្ឋានថ្មីស្រឡាងមួយដែលអាចផ្ទុកអ្នកទស្សនាបាន៤ម៉ឺននាក់

KPS99TV历史原文 · 暂无当前语言译文

ពហុកីឡាដ្ឋានដ៏ថ្មីស្រឡាងមួយបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំនៅលើផ្ទៃដីលាតសន្ធឹងរហូតដល់១៦០ហិកតា។ ពហុកីឡាដ្ឋានដ៏ថ្មីស្រឡាងដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៤ម៉ឺននាក់នេះ នឹងលេចរូបរាងឡើងនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ពហុកីឡាដ្ឋានដ៏ប្រណិតមួយនេះ រៀបចំឡើងតាមបទដ្ឋានស្តង់ដារ ហ្វីហ្វា (FIFA) និងបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡាដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសមិទ្ធផលនេះ ជាការរៀបចំតាក់តែងនូវកោសិកាមួយនៅក្នុងកោសិកាជាច្រើនទៀតដែលត្រូវរៀបចំសម្រាប់ខេត្តព្រះសីហនុ។

ប៉ុន្តែទោះបីជាយ៉ាងណា មន្ត្រីជំនាញដែលបានធ្វើបទបង្ហាញនៃវឌ្ឍនភាពសាងសង់ពហុកីឡាដ្ឋានដ៏ធំបំផុតប្រចាំខេត្តជាប់មាត់សមុទ្រនេះ មិនបានលម្អិតច្បាស់អំពីទំហំទុនវិនិយោគដែលគ្រោងនឹងចំណាយលើគម្រោងនេះនោះទេ។ ចំណែក មកទល់ពេលនេះ ការសាងសង់បានប៉ុន្មានភាគរយ និងត្រូវប្រើរយៈពេលសាងសង់ដល់ឆ្នាំណាក៏មិនបានបញ្ជាក់ច្បាស់នោះដែរ ប៉ុន្តែគ្រាន់តែដឹងថា គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សហការីនៃទូរទស្សន៍ KPS 99 TV ប្រចាំខេត្តព្រះសីហនុ ក៏បានទំនាក់ទំនងផ្ទាល់ជាមួយមន្រ្តីជំនាញខាងលើ ដើម្បីលម្អិតអំពីព័ត៌មាននេះដែរ តែដោយសាររូបគាត់មមាញឹកនឹងការងារមិនទាន់អាចបញ្ជាក់ជូនខាងទូរទស្សន៍បាន។

ប៉ុន្តែចំណុចដែលសំខាន់នោះ គឺពហុកីឡាដ្ឋានដ៏ថ្មីស្រឡាងនេះជាសមិទ្ធផលដ៏ថ្លៃថ្លាមួយទៀតសម្រាប់ខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ជាការកត់សម្គាល់៖ ពហុកីឡាដ្ឋានខេត្តព្រះសីហនុ សាងសង់ឡើងតាមបែបសហសម័យមានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែង ដែលក្នុងនោះរួមមាន៖ ហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…