ដើម្បីជំរុញខេត្តព្រះសីហនុឱ្យក្លាយជាគោលដៅទេសចរណ៍បៃតង និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែម រដ្ឋបាលខេត្តត្រៀមដាក់បញ្ចូលក្រុងទាំង៣របស់ខ្លួនឱ្យចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤។ តាមរយៈកិច្ចប្រជុំពិនិត្យនិងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអំពាវនាវគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យរួមគ្នាគិត រួមគ្នាធ្វើក្នុងការចូលរួមប្រឡងប្រណាំងនេះ ដែលតម្រូវឱ្យបំពេញគ្រប់សូចនាករទាំងអស់រួមមាន៖ សកម្មភាពនៅទីវាល ក្នុងសាលា និងទីសាធារណៈ ដើម្បីឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ និងជាកិត្តិយសរបស់ខេត្តផង។
បើតាមលោក សាមុត សុធារិទ្ធ រដ្ឋបាលខេត្តនឹងដាក់បេក្ខភាពចំនួន៣គឺក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម សម្រាប់ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ដើម្បីជំរុញឱ្យខេត្តទាំងមូលក្លាយជាគោលដៅទេសចរណ៍បៃតងដែលមានសុវត្ថិភាពភាព សណ្ដាប់ធ្នាប់ល្អ និងមានបរិស្ថានស្រស់បំព្រងដែលអាចឈានទៅទទួលពានរង្វាន់លើកទី៤។
យ៉ាងណា លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យ យើងត្រូវតែអនុវត្តឱ្យបានតាមស្តង់ដាទីក្រុងស្អាត ដែលបច្ចុប្បន្នមាន៧សូចនាករជាគោល និង៤១សូចនាករលម្អិត និងលក្ខណវិនិច្ឆ័យមាន១១៣។ ដូច្នេះ មន្ទីរ-អង្គភាពពាក់ព័ន្ធត្រូវតែចូលរួមសហការយ៉ាងសកម្ម ដើម្បីទទួលបានជ័យលាភី។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តរូបនេះ បានសង្កត់ធ្ងន់ថា ដើម្បីអាចចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤បាន យើងត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ មន្ទីរ-អង្គភាពត្រូវសិក្សាស្វែងយល់បំពេញនូវសូចនាករនៃការវាយតម្លៃពីក្រសួង ដើម្បីមុខមាត់ខេត្តព្រះសីហនុ។ ក្នុងនោះ ក៏ត្រូវរៀបចំប្លង់គោលឱ្យស្របតាមស្តង់ដាសូចនាករលម្អិតនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤នាពេលខាងមុខដែរ។
សូមជម្រាបថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ បានប្រកាសដាក់ឱ្យដំណើរក្រោមអធិបតិភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅអំឡុងខែតុលា ឆ្នាំ២០២៥។ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤នេះ នឹងមានសុពលភាពពីឆ្នាំ២០២៦ដល់ឆ្នាំ២០២៩។ ចំណែក ស្ដង់ដាទីក្រុងស្អាតត្រូវបានធ្វើបច្ចុប្បន្នភាពដោយកែសម្រួលនូវសូចនាករ និងលក្ខណវិនិច្ឆ័យទៅតាមស្ថានភាពជាក់ស្ដែង។ ស្តង់ដាទីក្រុងស្អាតបច្ចុប្បន្នមាន ៧សូចនាករគោល ៤១សូចនាករលម្អិត និង១១៣លក្ខណវិនិច្ឆ័យ ស្មើនឹង ១២០ពិន្ទុ។ ក្នុងនោះមាន៖ ១. សូចនាករលម្អិត នៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន, ២.សូចនាករលម្អិត នៃភាពស្អាត, ៣. សូចនាករលម្អិត នៃការគ្រប់គ្រងសំណល់, ៤. សូចនាករលម្អិត នៃការបញ្ជ្រាបការយល់ដឹង, ៥. សូចនាករលម្អិត នៃតំបន់បៃតង និងខ្សែក្រវាត់បៃតង, ៦. សូចនាករលម្អិត នៃសុវត្ថិភាព សុខភាពសាធារណៈ សន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុង និង៧. សូចនាករលម្អិត នៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត














