សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ តាមបណ្តាញសង្គមផ្លូវការថា កម្លាំងជួរមុខកម្ពុជា ត្រូវបន្តរក្សាការអត់ធ្មត់ ទោះបីជាត្រូវឆ្លងកាត់ការបាញ់ប្រហារដោយអាវុធគ្រប់ប្រភេទពីភាគីឈ្លានពានក៏ដោយ។ ការបាញ់ប្រហារនេះ បានកើតឡើងចាប់ពីយប់មិញ រហូតដល់ព្រឹកថ្ងៃនេះ ដោយមានគោលបំណងបញ្ឆោតឲ្យកងកម្លាំងកម្ពុជាតបត ដើម្បីបំផ្លាញបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តភាព កម្ពុជា–ថៃ។
សម្តេចតេជោ បានឲ្យដឹងថា បន្ទាត់ក្រហមដែលមិនអាចឲ្យឆ្លងកាត់ ត្រូវបានកំណត់រួចរាល់ហើយ។ ដូច្នេះ មេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវបន្តអប់រំ និងជូនដំណឹងដល់នាយទាហ៊ាន ពលទាហ៊ានឲ្យយល់ដឹងច្បាស់ដូចគ្នា ដើម្បីរក្សាចក្ខុវិស័យ និងការគោរពតាមគោលការណ៍។
ទាក់ទងនឹងស្ថានភាពព្រំដែន សម្តេចតេជោ បានណែនាំឲ្យអាជ្ញាធរខ្ពស់ ទាបគ្រប់ជាន់ថ្នាក់ បន្តជួយសង្គ្រោះ និងផ្លាស់ទីប្រជាពលរដ្ឋដែលកំពុងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់តំបន់មានសុវត្ថិភាព។
សម្តេចតេជោ ក៏បានឲ្យដឹងថា ការងារផ្សេងៗត្រូវបានបោះបង់ពេលវេលាដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីក្នុងការបញ្ជាលើកម្លាំងប្រដាប់អាវុធ ទប់ស្កាត់ការឈ្លានពាន និងធ្វើការតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមិនអាចជួបជុំគាត់បានក្នុងពេលនេះ ព្រោះត្រូវឲ្យអាទិភាពឱ្យការងារសន្តិសុខជាតិ។
ក្នុងឱកាសដដែល សម្តេចតេជោ ក៏បានផ្តល់កម្លាំងចិត្តដល់កីឡាករ និងកីឡាការិនីកម្ពុជាទាំងអស់ ដែលកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ដោយហៅឲ្យបន្តចូលរួមប្រកួតតាមបច្ចុប្បន្នភាពធម្មតា។ ដោយ៖ KPS99TV









