ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលអះអាងថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ គឺជា ព័ត៌មានមិនពិត។
ជាក់ស្តែង កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជាមុន នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង ៥ ព្រឹក។ សកម្មភាពឈ្លានពាននេះ កើតឡើងបន្ទាប់ពីមានសកម្មភាពបង្កហេតុជាច្រើនដែលយោធាថៃបានធ្វើជាបន្តបន្ទាប់ជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុនៅតំបន់ព្រលានថ្ម កាលពីម្សិលមិញ ដែលជាចេតនាដើម្បីញុះញង់ឲ្យមានការប៉ះទង្គិច។
ដោយគោរពតាមកិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះតាមសន្តិវិធី ដែលស្របតាមច្បាប់អន្តរជាតិ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតទេ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ។ ភាគីកម្ពុជាកំពុងបន្តតាមដានស្ថានការណ៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជៀសវាងការកើតមានបញ្ហាបន្ថែម។
ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ រួមទាំងមានគ្រោងស្នើឱ្យ AOT ចុះទៅពិនិត្យស្ថានទី ដើម្បីធ្វើស្រាវជ្រាវ ស៊ើបអង្កេត រកឃើញការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ដោយ៖ KPS99TV







