នៅចំពោះមុខការឈ្លានពានពីយោធាសៀម ឯកឧត្តមនាយឧត្ដមសេនីយ៍ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនឱ្យដាក់កម្លាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋភៀសសឹកពីការលួចគាស់ និងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូច។ ឯកឧត្តមដាក់បទបញ្ជាដូច្នេះតាមលិខិតចុះថ្ងៃទី០៩ ខែធ្នូ ទៅកាន់អភិបាលខេត្តជាប់ព្រំដែនប្រទេសថៃ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបញ្ជាឱ្យបែងចែកកម្លាំង និងចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាពនៅតាមជំរុំសុវត្ថិភាព ខណៈមកទលនឹងម៉ោង១១ថ្ងៃទី០៩ ខែធ្នូនេះ មានពលរដ្ឋស្លូតត្រង់បានប្រមាណ ៥៤,៥៥០នាក់បានរត់ភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនថៃត្រូវចាត់ចែង និងផ្តល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភាគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជម្រកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យបានសមស្រប។ ឯកឧត្តម ក៏បានណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែនស្វែងរកជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គមចាំបាច់ពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពីសប្បុរសជននានា ដើម្បីជូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។ បន្ថែមពីនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាឱ្យរៀបចំក្រុមការងារមួយទៀត មានភារកិច្ចកត់ត្រា និងចងក្រងភស្តុតាងកើតចេញពីការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមានអ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត ដោយត្រូវភ្ជាប់មកជាមួយនូវរូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន៕ ដោយ៖ ង៉ែត ពិសាន្ត











