跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាទទួលជើងហោះហើរត្រង់ជាផ្លូវការ ភ្ជាប់ពីទីក្រុង Istanbul ប្រទេសតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ

KPS99TV历史原文 · 暂无当前语言译文

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។

ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថាជើងហោះហើរនេះនឹងប្រតិបត្តិការហោះដោយយន្តហោះ B777-300ER ជាមួយនឹងកាលវិភាគចំនួន ៣ជើងក្នុង១សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ហើយនេះជាសមិទ្ធផលសំខាន់មួយក្នុងការអភិវឌ្ឍអាកាសចរណ៍កម្ពុជា និងឆ្លុះបញ្ចាំងពីតួនាទីកាន់តែរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសដែលមានភាពស្វាហាប់ និងមានការតភ្ជាប់គ្នានៅក្នុងតំបន់ និងលើសពីនេះ។

ដោយឡែក លោក ប៊ីឡាល់ ឯកស៊ី នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី បានលើកឡើងថា ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់កម្ពុជាមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងការតភ្ជាប់នៅអាស៊ីអាគ្នេយ៍ និងមានគម្រោងប្រតិបត្តិការជើងហោះហើរនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើររវាងប្រទេសកម្ពុជា ទួរគី និងប្រទេសដទៃទៀតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Turkish Airlines មានគោលដៅហោះហើរដល់ជាង ៣៥០កន្លែងដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ។ ចំពោះកម្ពុជា ក្រុមហ៊ុន Turkish Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣៦ ជាប្រទេសទី១៧ និងទីក្រុងទី៤៦ ដែលធ្វើប្រតិបត្តិការចូល-ចេញកម្ពុជា៕ 

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…