នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅជាកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការអនុវត្តសាកល្បងនូវគម្រោងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន រយៈពេលស្នាក់នៅ ១៤ ថ្ងៃ ដែលគ្រោងនឹងអនុវត្តជាផ្លូវការនៅឆ្នាំ ២០២៦ ខាងមុខ។
កិច្ចប្រជុំនេះប្រារព្ធឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងលើកឡើងអំពីការរៀបចំចុងក្រោយសម្រាប់ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការ ១៤ ថ្ងៃ ដើម្បីអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។
កិច្ចប្រជុំមានការចូលរួមដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អគ្គកុងស៊ុលកម្ពុជាទីក្រុងចំនួន ៩ ប្រចាំតំបន់ផ្សេងៗនៅចិន អនុព័ន្ធទេសចរណ៍ប្រចាំប្រទេសចិន អនុព័ន្ធពាណិជ្ជកម្មប្រចាំទីក្រុងប៉េកាំង និងមន្រ្តីជំនាញពីនាយកដ្ឋាននានានៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធសន្និសីទវីដេអូ (Zoom Meeting) ដោយមានការពិភាក្សាខ្ពស់លើចំណុចចាំបាច់សម្រាប់ធានាការអនុវត្តគម្រោងបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីលើកកម្ពស់ការទេសចរណ៍ និងជំរុញទំនាក់ទំនងប្រកបដោយមិត្តភាពរវាងកម្ពុជា-ចិន។ ដោយ៖ KPS99TV





