跳至正文
西哈努克省电视台 · 官方网站
登录

ពលរដ្ឋភៀសសឹក១,០៨៦គ្រួសារនៅជំរុំសុវត្ថិភាពចំនួន២ក្នុងខេត្តសៀមរាបទទួលបានអំណោយពីឯកឧត្តមហែម សុវត្ថិនិងលោកជំទាវរួមជាមួយលោកជំទាវ ឬទ្ធី ពេជ្រចិន្តា

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវ ណេត ធីតាវិឈុណា រួមសហការជាមួយលោកជំទាវ ឬទ្ធី ពេជ្រចិន្តា, លោកឧកញ៉ា ឬទ្ធី រស្មី និងលោកឧកញ៉ា ស៊ុន ប៊ុនហេង  ដឹកនាំក្រុមការងារសប្បុរសជនរួមទាំងតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ និងលោក ហេង ពិទូ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគសរុបជាទឹកប្រាក់ប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក ចែកជូនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន១,០៨៦គ្រួសារនៅជំរុំសុវត្ថិភាពចំនួន២ទីតាំងក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ទីតាំងទី១. គឺនៅមណ្ឌលសុវត្ថិភាពវត្តរុន ស្ថិតនៅឃុំរុនតាឯក ក្រុងរុនតាឯក និងទី២. នៅមណ្ឌលសុវត្ថិភាពវត្តហត្ថីសិរីវង្ស ពង្សពិជ័យចេស្តា ហៅវត្តប្រិយ៍ ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។  ក្នុងនោះ ក៏មានស្រ្តីមានផ្ទៃពោះចំនួន ៦នាក់ និងស្រ្តីទើបឆ្លងទន្លេរួចចំនួន២០នាក់ទទួលបានអំណោយបន្ថែមជាថវិកាក្នុងម្នាក់ចំនួន ២០ម៉ឺនរៀល និងអាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាការពារក៏បានទទួលថវិកាមួយចំនួនដែរ។

ជាមួយគ្នា ឯកឧត្តម ហែម សុវត្ថិ ក៏ដូចជាលោកទាវ ឬទ្ធី ពេជ្រចិន្តា បានបញ្ជាក់ពីការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងអំឡុងពេលភៀសសឹកដោយសារការវាយប្រហាយ៉ាងព្រៃផ្សៃរ និងមិនរើសគោលដៅពីកងទ័ពឈ្លានពានសៀម។

«សូមបងប្អនកុំបាក់ទឹកចិត្ត ហើយយើងត្រូវរួបរួមសាមគ្គីគ្នា មានគំនិតជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើងក្នុងកាលៈទេសៈដ៏លំបាកនេះ»។ នេះជាសារដែលលើកឡើងដោយឯកឧត្តម ហែម សុវត្តិ ក៏ដូចជាលោកជំទាវ ឬទ្ធី ពេជ្រចិន្ថា ក្នុងន័យលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកខិតខំអភិវឌ្ឍន៍សមត្ថភាព និងកសាងផ្ទះសម្បែង ធ្វើស្រែចំការឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះមិនរើសគោលដៅពីយោធាសៀម។

ឯកឧត្តម ហែម សុវត្ថិ រួមជាមួយលោកជំទាវ ឬទ្ធី ពេជ្រចិន្ថា កន្លងមកនេះតែងតែចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើសប្បុរសធម៌ជួយដល់វីរៈកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានចូលរួមជួយឧបត្ថម្ភលើកម្មវិធីសប្បុរសជាច្រើនផ្សេងទៀត។ ជាក់ស្តែង កាលពីអំឡុងថ្ងៃទី១០ ខែធ្នូនេះ ឯកឧត្តមរួមសហការជាមួយលោកជំទាវបាននាំយកអំណោយជូនពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែក ខេត្តព្រះវិហារ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងជំរុំសុវត្ថិភាពទាំង២ខាងលើរួមមាន៖ តង់ចំនួន ១,០០០, កន្ទេលចំនួន ២,០០០, មុងចំនួន ១,០០០, ភួយចំនួន ៤,០០០, ចានបាយចំនួន ៤,១០០ចាន, ចានសំឡចំនួន ២,១០០ចាន, ឆ្នាំងចំនួន ១,០០០, វែកសំឡចំនួន ១,០០០, ស្លាបព្រាចំនួន ៥,៤០០, កាទឹកចំនួន ៥០០, ធុងទឹកចំណុះ ២០លីតចំនួន  ៤៥០ធុង, មីចំនួន ១,០០០កេស, ត្រីខចំនួន ១,០០០កេស, សាច់ជ្រូកផាត់ ១០០គីឡូ, សាច់ក្រក ១០០គីឡូ, ឆៃប៉ូវផ្អែម ៨០០គីឡូ, ត្រីងៀតសាច់ ៦០គីឡូ, ត្រីងៀតកែ ៩០គីឡូ និងនំសម្រាប់ក្មេងៗចំនួន ៧៥៥កេស។

សូមជម្រាបថា គិតត្រឹមរសៀលម៉ោង១៣និង០០នាទីថ្ងៃទី១២ ខែធ្នូនេះ ពលរដ្ឋជាង៣០ម៉ឺននាក់នៅតាមខេត្តជាប់ព្រំដែនចំនួន៦ រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប បានចាកចេញពីផ្ទះសម្បែងទៅរកទីលទួលសុវត្ថិភាព ដោយសារបារម្ភពីសុវត្ថិភាព និងការភ័យខ្លាចពីការវាយប្រហារ និងការផ្លោងគ្រាប់ដាក់ពីយោធាសៀម៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…