跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាត្រៀមលក្ខណៈរួចរាល់សម្រាប់ឆ្លើយតបគ្រប់ទម្រង់ក្រោយថៃព្រមានបិទផ្លូវសមុទ្រ

KPS99TV历史原文 · 暂无当前语言译文

«កម្ពុជាមានច្រកដឹកទំនិញតាមសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ស្របតាមច្បាប់ និងវិធានអន្តរជាតិ»។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម អះអាងដូច្នេះជាការឆ្លើយតបទៅនឹងភាគីថៃដែលព្រមានបិទដំណើរនាវាចរណ៍ដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា ដោយពួកទាំងនោះយកលេសផ្សេងៗមកសំអាងក្នុងគោលដៅចិញ្ចឹមមហិច្ចតាឈ្លានពាន បង្កសង្គ្រាម ពង្រីកជម្លោះជាមួយកម្ពុជា។

ឯកឧត្តម ផន រឹម សង្កត់ធ្ងន់ថា៖ «កម្ពុជាមិនមែនក្មេងបៀមដៃ។ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្កសង្គ្រាមពង្រីកទំនាស់របស់ថៃ»។

យ៉ាងណា បញ្ជាការយោធាថៃ កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញបញ្ជាបិទផ្លូវសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ និងទំនិញយុទ្ធសាស្ត្រផ្សេងទៀតមិនឱ្យចូលដល់ប្រទេសកម្ពុជា។ ខណៈឈូងសមុទ្រថៃ គឺជាដែនទឹកអន្តរជាតិដែលព័ទ្ធជុំវិញដោយប្រទេសចំនួនបួនមានថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ដូច្នេះ ថៃគ្មានសិទ្ធិកំណត់ការធ្វើនាវាចរណ៍ឬបិទទាំងស្រុងនូវដែនទឹកដែលហួសពីដែនទឹកចម្ងាយ២២គីឡូម៉ែត្ររបស់ខ្លួននោះទេ។ ប៉ុន្តែបើថៃបិទឈូងសមុទ្រនេះទាំងមូល ថៃនឹងរំលោភលើអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលផ្តល់សិទ្ធិឱ្យគ្រប់រដ្ឋទាំងអស់មានសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ ដែនទឹកអន្តរជាតិ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋដទៃ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…