ភ្នំពេញ៖ យោងតាមការឲ្យដឹងពីអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍ឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) បានសម្របសម្រួលការចុះកិច្ចសន្យាទិញលក់បានសរុបចំនួន ៩០៥កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃផលិតផលស្រូវប្រណិត បន្លែសុវត្ថិភាព គ្រឿងទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ២២៤លានដុល្លារអាម៉េរិក។
លោក អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍បានមានប្រសាសន៍ថា គម្រោងអេមស៍កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះ គឺដោយសារមានកិច្ចសហការយ៉ាងរឹងមាំពីក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យឯកជនរបស់យើងជាមួយនឹងការទទួលបានហិរញ្ញប្បទានបន្ថែម យើងនឹងបន្តធ្វើការពង្រឹងចង្កោមអាជីវកម្ម និងការតភ្ជាប់ទីផ្សារ ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានកាន់តែច្រើនដល់កសិករខ្នាតតូចរបស់យើង។
លោកបានបន្តថា ការកៀរគរកសិករខ្នាតតូចរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដើម្បីបង្កើតជាចង្កោមអាជីវកម្ម នៅតែបន្តរីកចម្រើនទៅមុខ ដោយមានចង្កោមអាជីវកម្មចំនួន ៣៤៧ ត្រូវបានបង្កើតឡើង និងអត្រានៃការទទួលយកបច្ចេកវិទ្យាផលិតកម្មមានចំនួន ៨៤% នៃចំនួនកសិករដែលចូលរួមក្នុងគម្រោង។
លោកគូសបញ្ជាក់ថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥។
លោកបានបន្ថែមថា មកដល់ពេលនេះ គម្រោងបាននិងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤.៤៩៩គ្រួសារ លើសពីគោលដៅដែលបានគំណត់ ត្រឹមចំនួន ៨៨.២០០ គ្រួសារ តែប៉ុណ្ណោះ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។
លោក Frew Behabtu នាយក និងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថាគម្រោង អេមស៍ បានធ្វើដំណើរឈ្ពោះទៅមុខប្រកបដោយស្ថិរភាព ក្នុងការពង្រឹងផលិតកម្មដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សារ រួមជាមួយនឹងចង្កោមអាជីវកម្មដែលបានតភ្ជាប់កសិករខ្នាតតូចទៅកាន់អ្នកទិញនៅក្នុងខ្សែច្រវាក់តម្លៃសំខាន់ៗ បានកាន់តែច្រើនឡើងៗ។
លោក Frew Behabtu បានបន្តថា អេមស៍ ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមបញ្ចូលយេនឌ័រនៅរាល់សកម្មភាពរបស់គម្រោងផងដែរ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ ៦២% នៃអ្នកទទួលផលគម្រោងទាំងអស់។ ហើយបេសកកម្មនេះ ក៏បានលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀតលើតួនាទីស្ត្រីជាអ្នកដឹកនាំ នៅក្នុងចង្កោមអាជីវកម្ម និងក្រុមអ្នកផលិត។ អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងគោលបំណងជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។
ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យកាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោងនឹងចុះគាំទ្រការអនុវត្តគម្រោងជាបន្តទៀត នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រចាំឆ្នាំម្តងទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម












