ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនភៀសសឹកជម្លៀសមកពីបណ្តោយព្រំដែន ដែលយោធាថៃបានបាញ់ប្រហារមកលើផ្ទះសម្បែង និងប្រជាជនកម្ពុជា បានចូលមកស្នាក់នៅមូលដ្ឋានទូទាំងស្រុកព្រៃនប់គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រមាណ៧៦៨គ្រួសារ និងមនុស្សចំនួនជិត៣ពាន់នាក់ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ចំពោះមុខដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុឲ្យអាជ្ញាធរស្រុកព្រៃនប់ដោះស្រាយបន្ទាន់ នាំយកអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃជូនដល់ពួកគាត់បានគ្រប់ៗគ្នា រួចហើយសម្រាប់ជុំទី១នឹងត្រៀមដោះស្រាយជូនបងប្អូនជនភៀសសឹកជុំទី២ដែលមកជាបន្តបន្ទាប់ទៀត។
ក្នុងការស្នាក់នៅនេះដែរ លោកអភិបាលស្រុកបន្ថែមថា អាជ្ញាធរបានរក្សានៅសន្តិសុខសុវត្ថិភាពជូនបងប្អូនជនភៀសសឹក អនុវត្តន៍ភូមិឃុំមានសុវត្ថិភាព និងមណ្ឌលសុខភាពទាំង៦ទូទាំងស្រុក បានចុះជួយសម្រួលជូនពួកគាត់ទាំងតាមផ្ទះបងប្អូនសាច់ញ្ញាតិនៅតាមកន្លែងសុវត្ថិភាពប្រមូលផ្ដុំឱ្យមកទទួលថ្នាំនៅមណ្ឌលសុខភាព។
បញ្ជាក់ដែរថា ជារួមជនភៀសសឹកដែលមកពីបណ្តោយព្រំដែនភាគច្រើនមកពីខេត្តកោះកុងប្រម៉ាណ៩០ភាគរយហើយពួកគាត់មួយចំនួនធំស្នាក់នៅជាមួយផ្ទះបងប្អូនសាច់ញាតិ។ តែទោះបីជាពួកគាត់ស្នាក់អាស្រ័យនៅផ្ទះបងប្អូនក៏ដោយក៏អាជ្ញាធរបានអញ្ជើញពួកគាត់ទៅទទួលស្បៀងនិងសម្ភារប្រចាំថ្ងៃនៅកន្លែងប្រមូលផ្ដុំ រួមមាននៅទីវត្តអារាម សាលាឃុំ សាលារៀន ដើម្បីមកទទួលអំណោយបានគ្រប់ៗគ្នាផងដែរ៕
ដោយ ៖ ប៉ៃ សុឃីម
















