ដោយសារតែយោធាថៃរំលោភបំពាន ឈ្លានពានចូលទឹកដីកម្ពុជាដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងការបាញ់ផ្សែងពុល ការប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 ដែលនាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាមួយនេះលែងគោរពនិងប្រណិប័តន៍តាមពុទ្ធឪវាទទៀតហើយ។ ក្រោយពីឃើញសកម្មភាពគ្មានមនុស្សធម៌ពីសំណាក់ភាគីថៃដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ព្រះតេជគុណ ហួយ ហ្សុង ប្រធានក្រុមប្រឹក្សាសង្ឃពុទ្ធសាសនាពិភពលោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញវីដេអូមួយដែលមានសង្ឃដីកាអំពាវនាវឱ្យមេដឹកនាំប្រទេសទាំងពីរកម្ពុជា-ថៃ ដែលសុទ្ធតែជាប្រទេសកាន់ពុទ្ធសាសនា ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម។
តាមរយៈឃ្លីបវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះតេជគុណ ហួយ ហ្សុង បានមានសង្ឃដីកាបញ្ជាក់ថា «អាត្មាតំណាងពុទ្ធសាសនាលើពិភពលោក សូមសម្តែងក្កីបារម្ភជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងនាមជាពុទ្ធសាសនិកជនទូទាំងពិភពលោក សង្ឃឹមថា ប្រទេសកាន់ពុទ្ធសាសនាទាំងពីរ បង្កើតសន្តិភាព ស្ថិរភាពសង្គម និងសុខមាលភាព»។ យ៉ាងណា គិតមកទល់ថ្ងៃទី១៨ ខែធ្នូនេះ មានរយៈពេល១២ថ្ងៃហើយ ដែលយោធាសៀម បានរំលោភបំពានទឹកដីកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនស៊ីវិល ស្លាប់និងរបួសជាច្រើននាក់ ថែមទាំងធ្វើឱ្យពលរដ្ឋជិតកន្លះលាននាក់គ្មានទីជម្រកបាត់បង់ផ្ទះសម្បែង ខណៈកុមាររាប់ម៉ឺននាក់បាត់បង់ការសិក្សា៕
ដោយ៖ ង៉ែត ពិសាន្ត

..
