ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកសណ្ឋាគារ ខែមរះ និងទូរទស្សន៍ KPS99TV នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចាត់តាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈសរុបជាថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកប្រគល់ជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹក តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ។
សកម្មភាពសប្បុរសធម៌របស់ឧកញ៉ា ឬទ្ធី រស្មី សបញ្ជាក់ឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លា ស្របពេលប្រទេសជាតិកំពុងរងការវាយប្រហារឈ្លានពានយ៉ាងព្រៃផ្សៃរពីយោធាថៃ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាជិត៥០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង, កុមាររាប់ម៉ឺននាក់ខកខានមិនបានសិក្សា និងជនស៊ីវិលជាច្រើននាក់ផ្សេងទៀតស្លាប់និងរបួស។
ឧកញ៉ា ឬទ្ធី រស្មី តែងតែចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធ្វើសប្បុរសធម៌ជួយដល់វីរៈកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបានចូលរួមជួយឧបត្ថម្ភលើកម្មវិធីសប្បុរសធម៌ជាច្រើនផ្សេងទៀត។ ជាក់ស្តែង ថ្មីៗនេះ ឧកញ៉ា ឬទ្ធី រស្មី ក៏បានចូលរួមជាថវិកា និងសម្ភារៈមួយចំនួនតាមរយៈថ្នាក់ដឹកនាំ ដើម្បីនាំយកទៅប្រគល់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងស្រុកឆែប ខេត្តព្រះវិហារ និងមណ្ឌលសុវត្ថិភាពវត្តរុន និងមណ្ឌលសុវត្ថិភាពវត្តប្រិយ៍ ក្នុងខេត្តសៀមរាបផងដែរ។
សូមជម្រាបថា អំណោយសប្បុរសធម៌ដែលថ្នាក់ដឹកនាំតំណាងឱ្យឧកញ៉ា ឬទ្ធី រស្មី នាំយកប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ រួមមាន៖ ទឹកត្រី ៧៦យួរ ទឹកស៊ីអ៊ីវ ៧៨យួរ បង្គាក្រៀមចំនួន ៦៥០គីឡូក្រាម ត្រីងៀតចំនួន ៦៥០គីឡូក្រាម ប៊ីចេងចំនួន ១៨០គីឡូក្រាម ស្ករសចំនួន ៦៥០គីឡូក្រាម ខ្ទឹមសចំនួន ៤០០គីឡូក្រាម និងបេ្រងសណ្ដែកចំនួន ៦៤៨ដប៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



















