跳至正文
西哈努克省电视台 · 官方网站
登录

អ្នកសារព័ត៌មានកម្ពុជា សម្រេចអនុម័តសេចក្តីថ្លែងការណ៍រួម១៣ចំណុចពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

អ្នកសារព័ត៌មានធំៗនៅកម្ពុជា សរុបជាង២០០នាក់ មកពី១០៩ស្ថាប័ន បានជួបប្រជុំគ្នាពិភាក្សាពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា(វ.ន.ស.ក.)លើកទី២២ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ចំពេលដែលប្រទេសកម្ពុជាកំពុងរងនូវការវាយប្រហារពីសំណាក់យោធាថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានោះ បានសម្រេចអនុម័តចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារ១៣ចំណុច ដូចខាងក្រោម៖

១- វ.ន.ស.ក. សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន ស្ថាប័ន និងសមាគមសារព័ត៌មានដែល បានពុះពារ គ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អតាមវិជ្ជាជីវៈ ក្រមសីលធម៌ សំខាន់ក្នុងដំណាក់កាលនៃជម្លោះព្រំដែន។

២- វ.ន.ស.ក. យល់ឃើញថា អំឡុងពេលនេះ ឬចាប់ពីពេលនេះទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀតដើម្បីប្រឈមមុខនឹងហេតុការណ៍ដែលកើតចេញពីបញ្ហាជម្លោះព្រំដែន។

៣- វ.ន.ស.ក. យល់ឃើញថា កាលៈទេសៈនៃជម្លោះព្រំដែន ការិយាល័យនិពន្ធ រួមទាំងអ្នកចងក្រងអត្ថបទ សារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយ ព័ត៌មាន ការចុះយកព័ត៌មាននិងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន។ បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ទាំងខ្លឹមសារ រូបភាព និងអក្ខរាវិរុទ្ធចៀសវាងការរិះគន់ពីសាធារណជន រួមទាំងការប្រឈមផ្លូវច្បាប់។

៤- វ.ន.ស.ក. ស្នើដល់ស្ថាប័នសារព័ត៌មាននានានូវរាល់អត្ថបទផ្សព្វផ្សាយក្នុងពេលមានជម្លោះព្រំដែនគប្បីចៀសវាងឱ្យបាននូវអត្ថបទព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ឬបង្កគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃប្រទេសដែលជាភាគីជម្លោះជាមួយកម្ពុជា ហើយដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនក៏ដូចជាពលរដ្ឋដែលកំពុងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតដោយរួមទាំងអ្នកទេសចរផងដែរ។

៥- វ.ន.ស.ក. អំពាវនាវដល់អ្នកសារព័ត៌មានមិនត្រូវធ្វើសេចក្ដីរាយការណ៍ព័ត៌មានពីបញ្ហាជម្លោះដោយសំអាងលើប្រភពមិនច្បាស់លាស់ ឬផលិតមាតិកាក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា និង ខ្វះការទទួលខុសត្រូវដែលនាំឱ្យជម្លោះកាន់តែតានតឹង។

៦- វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មានទាំងឡាយគប្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មានដែលមានចរិតជួយជ្រោមជ្រែងឱ្យមានសន្តិភាពជាជាងមានចរិតដុតជម្លោះរវាងប្រទេសជាតិមួយ ជាមួយប្រទេសជាតិមួយទៀត។ ការធ្វើដូច្នេះដើម្បីធានាថាអ្នកសាព័ត៌មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍សាធារណៈដែលជាតួនាទីចម្បងរបស់អ្នកសារព័ត៌មាន។

៧- វ.ន.ស.ក. ស្នើផងដែរចំពោះការប្រើពាក្យពេចន៍អត្ថាធិប្បាយដោយប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ចំពោះព័ត៌មានរសើប ការិយាល័យនិពន្ធ ស្ថាប័នព័ត៌មានគប្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ រាល់ព័ត៌មានដែលត្រូវចេញផ្សាយលឿនទាន់ហេតុការណ៍ ដើម្បីធានាថារាល់ខ្លឹមសារដែលចេញផ្សាយបានត្រឹមត្រូវ ដោយប្រមូលពីប្រភពច្បាស់ការណ៍ និងផ្លូវការ ជាភស្តុតាងរឹងមាំសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន។ 

៨- វ.ន.ស.ក. រម្លឹកអ្នកសារព័ត៌មានគប្បីយល់ថា នៅក្នុងជម្លោះលើបញ្ហាព្រំដែន បញ្ហាយោធា បញ្ហាការទូត បញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមរវាងប្រទេសដែលមានជម្លោះ ព័ត៌មានមួយចំនួនត្រូវបានរដ្ឋាភិបាលនៃប្រទេស នីមួយៗរក្សាជាការសម្ងាត់។ ដូច្នេះការផ្សព្វផ្សាយព័ត៌មានត្រូវមានការប្រុងប្រយ័ត្នផ្ទៀងផ្ទាត់ និងស្វែងរក ប្រភពដែលច្បាស់លាស់។ ទន្ទឹមនឹងនេះ វ.ន.ស.ក. ស្នើរដ្ឋាភិបាលផ្ដល់ព័ត៌មានបច្ចុប្បន្នភាពឱ្យបានទៀងទាត់ ទាន់ពេលដល់អ្នកសារព័ត៌មានតាមសមត្ថកិច្ចរៀងៗខ្លួន។

៩- វ.ន.ស.ក. ស្នើដោយទទូចថា បើទោះបីជាអ្នកសារព័ត៌មាននៅក្នុងប្រទេសដែលមានជម្លោះនឹងគ្នាមាន និន្នាការ ទស្សនៈនយោបាយ និងសាសនាខុសគ្នា ព្រមទាំងមានចិត្តស្រលាញ់ជាតិសាសន៍រៀងៗខ្លួនក៏ដោយ ក៏ត្រូវគិតឱ្យបានល្អិតល្អន់មុនផ្សាយអត្ថបទព័ត៌មានស្តីពីជម្លោះ ដើម្បីចៀសវាងការយល់ច្រឡំគ្នាកាន់តែធំ និងពង្រីកជម្លោះកាន់តែខ្លាំងឡើង។

១០- ផ្តើមពីនោះ វ.ន.ស.ក. សូមអំពាវនាវដោយទទូចជាថ្មីទៀតដល់និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៃប្រទេសមានជម្លោះជាមួយកម្ពុជាត្រូវប្រកាន់យកជំហរដូចគ្នាដើម្បីរក្សាភាពថ្លៃថ្នូរ ក្រមសីលធម៌ និងសុខដុមរមនាសម្រាប់ប្រទេសដែលមានព្រំដែនជាប់គ្នា។

១១- វ.ន.ស.ក. ស្នើស្ថាប័ន អង្គការ សមាគមពាក់ព័ន្ធរៀបចំវេទិកា កិច្ចពិភាក្សាដើម្បីផ្ដល់ឱកាសដល់ និពន្ធនាយក និងអ្នកកែសម្រួលអត្ថបទព័ត៌មាននៅកម្ពុជាបានជួបជាមួយសមភាគីនៃប្រទេសជិតខាងក៏ដូចជានៅក្នុងតំបន់ពិសេសប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានញឹកញាប់ទាំង ទ្វេភាគី និងពហុភាគី ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងជួយសម្រាលភាពតានតឹងក្នុងករណីដែល ប្រទេសរបស់ខ្លួនមានជម្លោះនឹងគ្នា។

១២- វ.ន.ស.ក. ក្នុងស្ថានភាពនៃជម្លោះដែលបានសម្លាប់ជីវិតមនុស្ស និងបង្ករបួសស្នាមជាបន្តបន្ទាប់ រួមទាំងជនស៊ីវិល ក្នុងនោះមានស្ត្រី កុមារ រហូតដល់អ្នកសារព័ត៌មាន យើងសូមអំពាវនាវចំពោះអ្នកសារ ព័ត៌មានអន្តរជាតិទាំងអស់ឱ្យមកយកព័ត៌មានដោយផ្ទាល់ ផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានតុល្យភាព និង មានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្គ្រាមតែម្តង។ 

១៣- វ.ន.ស.ក. ស្នើដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ស្ថាប័នសារព័ត៌មានគប្បីចូលរួមកសាងឯកសាររស់ (រូបភាព រូបថត សំឡេង អត្ថបទ) ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ។

គូសបញ្ជាក់ដែរថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ឆ្នាំនេះ ក៏មានកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ ដែលសម្របសម្រួលដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលមានការអញ្ជើញចូលជាវាគ្មិនកិត្តិយស ពីឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…