跳至正文
西哈努克省电视台 · 官方网站
登录

ក្រោយពីស្ថានភាពបានស្ងប់ស្ងាត់នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ បានបណ្តាលឱ្យមានជនភៀសសឹកសរុបចំនួន ៦៤៩.០២៣នាក់ មានអ្នកស្លាប់ ៣១នាក់ និងរបួស ៩៤នាក់

KPS99TV历史原文 · 暂无当前语言译文

គិតចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអនុវត្ត បទឈប់បាញ់ ដែលធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ហើយមិនមានការបង្កផលប៉ះពាល់ថ្មីឡើយ។

គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានពលរដ្ឋស្លាប់ចំនួន ៣១នាក់ និងរបួស ៩៤នាក់។ ចំណែកឯជនភៀសសឹក គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ មានចំនួនសរុប ៦៤៩.០២៣នាក់ (ក្នុងនោះ ស្ត្រី ៣៣៨.៩៦៥នាក់ និងកុមារ ២០៤.៦២០នាក់)។ តួលេខនេះអាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាបឋម គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ មានការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន៖ ផ្ទះ ១៥១ខ្នង អគារឯកជន ៧ អគារស្នាក់នៅ/សណ្ឋាគារ ៥ ស្ថានីយ៍ប្រេង ១ រថយន្ត ៣៣គ្រឿង ម៉ូតូ ១គ្រឿង លានទិញដំឡូង ១ អគារឃ្លាំងទំនិញ ១ បង្គោលអង់តែនទូរសព្ទ ២ ជង្រុកស្រូវ ១ និងសត្វពាហនៈ ១ក្បាល។

ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន៖ សាលារៀន ៦ មណ្ឌលសុខភាព ២ សំណង់អគារ ១៤ វត្តអារាម ៥ សាលាឆទាន ១ រថយន្ត ១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន ៥ ផ្សារ ១ ផ្លូវ ៣ខ្សែ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ១ទីតាំង។

បច្ចុប្បន្ន មានពលរដ្ឋខ្មែរជាង ៦០ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ៥០% និងកុមារជាង ៣០% កំពុងបង្ខំចិត្តរស់នៅក្នុងជំរំភៀសសឹក និងផ្ទះសំបែងសាច់ញាតិ ដោយសារបញ្ហាសុវត្ថិភាព និងការខូចខាតខ្ទេចខ្ទីផ្ទះសំបែង និងភូមិកររបស់ខ្លួន។ ក្នុងពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តយកចិត្តទុកដាក់គាំពារជនភៀសសឹកគ្រប់ជំរំ ព្រមទាំងប្រមូលទិន្នន័យផលប៉ះពាល់ស៊ីវិលជាបន្តបន្ទាប់។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើន ដើម្បីធានាការវិលត្រឡប់ទៅរកប្រក្រតីភាពនៃសេវាសាធារណៈជាមូលដ្ឋាន នៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែន ដែលធ្លាប់បានបិទ និងផ្អាកក្នុងរយៈពេលកន្លងមក ព្រមទាំងសហការ សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈឱ្យជនភៀសសឹកឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ប្រកបដោយសុវត្ថិភាព។

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…