跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងពាណិជ្ជកម្មថាការនាំចេញស្រូវអង្ករកម្ពុជាទៅទីផ្សារវៀតណាមពុំមានការយកពន្ធទេ

历史原文 · 暂无当前语言译文
ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ។ នេះផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម។
កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម បានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ដែលមានចែងក្នុងប្រការ១ ប្រការ២ និងប្រការ៣ នូវបញ្ជីមុខទំនិញត្រូវទទួលបាន «ភាពអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ» ក្នុងនោះទំនិញអង្ករត្រូវបានកំណត់កូតានាំចូលវៀតណាមក្នុងឆ្នាំ២០២៥ស្មើនឹង ៣០ម៉ឺនតោន។ ទន្ទឹមគ្នានេះ ភាគីទាំងពីរឯកភាពកំណត់គិតជាមធ្យមភាគសម្រាប់ ២គីឡូក្រាមស្រូវស្មើនឹង ១គីឡូក្រាមអង្ករ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ កក្កដា។
ការអះអាងបែបនេះ បើតាមក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ថ្មីៗនេះក្រសួងបានអង្កេតឃើញថា មានគណនីហ្វេសប៊ុកឈ្មោះ «បងឋានទិញស្រូវ» បានផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជាទៅទីផ្សារវៀតណាម។ ក្រសួងបញ្ជាក់ថា ព័ត៌មាននេះបង្កការភ័ន្តច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវរបស់ប្រជាកសិករ និងអាជីវករកម្ពុជា ដែលមានអាជីវកម្មនាំចេញស្រូវអង្ករទៅវៀតណាម។
ក្រសួងសង្កត់ធ្ងន់ថា «តាមការផ្តល់ព័ត៌មានពីមន្រ្តីពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបំភ្លឺថាពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមនោះទេ ដោយផ្អែកទៅលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម»៕
ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…