跳至正文
西哈努克省电视台 · 官方网站
登录

ក្រោយវាយលុកកម្ពុជា២១ថ្ងៃថៃបានកាន់កាប់តំបន់ជាច្រើននៅក្នុងទឹកដីកម្ពុជាជាក់ស្តែង

KPS99TV历史原文 · 暂无当前语言译文

រាប់ចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល២១ថ្ងៃគត់ ដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកទ្រុងទ្រាយធំផ្នែកយោធាដោយគិតទុកមុន និងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ការវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់ជាច្រើនដែលស្ថិតនៅយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

ក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន, ខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនៈ, ខេត្តព្រះវិហារ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ, ខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា បានបដិសេដមិនទទួលស្គាល់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់នៅតំបន់ជាច្រើនក្នុងខេត្តទាំង៤ខាងលើរបស់កម្ពុជា។

ក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើរំលោភបំពានរបស់ថៃជាការមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃ ក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ហើយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើនមិនឱ្យវិលត្រឡប់ទៅលំដ្ឋានរបស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធមនុស្សអន្តរជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…