跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងវប្បធម៌ច្រានចោលការទាមទាររបស់ភាគីថៃដែលថាប្រាសាទតាមាន់ស្ថិតក្នុងទឹកដីខ្លួន

历史原文 · 暂无当前语言译文
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់ថ្ងៃសុក្រម្សិលមិញថា ខ្លួនបានច្រានចោលទាំងស្រុងចំពោះការអះអាងរបស់ លោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដោយអះអាងថា បរិវេណប្រាសាទតាមាន់ ស្ថិតក្រោមដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ហើយត្រូវបានចុះបញ្ជីជាវិមានបុរាណនៅក្នុងពុទ្ធសករាជ ២៥០៥ (១៩៦២)។

ក្រសួងវប្បធម៌បញ្ជាក់យ៉ាងច្បាស់ថា ការទាមទារដោយឯកតោភាគីរបស់ប្រទេសថៃលើបរិវេណប្រាសាទតាមាន់ ដោយផ្អែកលើផែនទីដែលគូសជាឯកតោភាគី មិនមានតម្លៃគតិយុត្ត ឬស្របច្បាប់ ហើយផ្ទុយនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ រវាងភាគីទាំងពីរ ដែលភាគីទាំងពីរ បានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។

ក្រសួងបញ្ជាក់បន្ថែមថា ដោយផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ក៏ដូចជាផែនទីមាត្រដ្ឋាន ១/២០០.០០០ ខាងលើ បរិវេណប្រាសាទតាមាន់ គឺស្ថិតនៅលើទឹកដីអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ បរិវេនប្រាសាទតាមាន់ជាទីតាំងបុរាណដ្ឋានស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជារួចហើយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ គោរពគោលការណ៍អន្តរជាតិ ដែលមានជាធរមាន ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័នវប្បធម៌នៃប្រទេសនីមួយប្រកាន់ខ្ជាប់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…