មួយសប្តាហ៍ក្រោយអតីតមហាសេដ្ឋីសញ្ជាតិខ្មែរជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) ម្ចាស់ក្រុមហ៊ុនព្រីនស៍គ្រុប (Prince-Group) ត្រូវបានចាប់ខ្លួន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃទី១២ ខែមករា បានសម្រេចផ្អាកការធ្វើអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ចំនួន៥គម្រោង។ ក្នុងនោះមានការទិញ លក់ផ្ទះនិងខុនដូជាដើម។
ក្នុងសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍ចំនួន៥គម្រោងនោះរួមមាន៖ ទី១, គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE ទី២, គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY ទី៣, គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu ទី៤, គម្រោងលំនៅឋាន (បុរី) Prince One Tropica និងទី៥, គម្រោងលំនៅឋាន (បុរី) ភូមិសំរោង។ និយ័តករបញ្ជាក់បន្ថែមថា អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីត ជាមួយគម្រោងខាងលើរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។
ដោយឡែកចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ដោយ៖ ង៉ែត ពិសាន្ត


