跳至正文
西哈努克省电视台 · 官方网站
登录

ថ្ងៃនេះជាខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

历史原文 · 暂无当前语言译文

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧.០៧.២០០៨-០៧.០៧.២០២៥)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏អស្ចារ្យមួយនេះក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការយុត្ដិធម៌អន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ការស្នើចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមពិតទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ប៉ុន្តែករណីនេះបានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាក់ភាគីថៃ។ តែក្រោយការយកចិត្តទុកពីអង្គការយូណេស្កូនិងភាគីកម្ពុជា ដែលតំណាងដោយសម្តេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទើបនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែកមួយនេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាទីក្រុងកេប៊ិច ប្រទេសកាណាដា។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា យោងតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនបានឱ្យដឹងថា ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៃគ្រិស្តសករាជឆ្នាំ៨៨៩ ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ បច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃ។ ចាប់ផ្ដើមសាងសង់ក្នុងអំឡុងចុងសតវត្សទី៩ហើយបញ្ចប់ទៅនៅដើមសតវត្សរ៍ទី១២ ប្រាសាទនេះគឺឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។

ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមួយនេះ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ៦២៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រាសាទនេះ មានផ្ទៃដីទំហំ ៨០០គុណនឹង៤០០ម៉ែត្រការ៉េ ខណៈភ្នំដងរែកនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីរាជធានីភ្នំពេញ តែបើធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ។ ប្រាសាទនេះមានឈ្មោះដើមថា ស្រីសិក្ខាគីរីស្វារៈ មានន័យថាជាម្ចាស់នៃកំពូលភ្នំ ហើយក៏ជាឈ្មោះនៅលិង្គថ្មព្រះឥសូរ ដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះ។ ប្រាសាទនេះត្រូវបានមនុស្សម្នាកោតស្ញប់ស្ញែង និងចាត់ទុកជាទីសក្ការៈដែលស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…