跳至正文
西哈努克省电视台 · 官方网站
登录

ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ

历史原文 · 暂无当前语言译文

(ក្រចេះ)៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។ 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូចជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ»។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម។ 

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុម ហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារ សាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាព គម្រោងទាំងមូល ដោយបូករួមជាមួយនិង កំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការ ដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិត តាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិ នៃគម្រោង «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ផ្ទៃក្នុង របស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូន ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបានបន្ថែមថា មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…