跳至正文
西哈努克省电视台 · 官方网站
登录

សាច់បង្កកខូចគុណភាពជាង១១តោនត្រូវបានដុតបំផ្លាញចោល

KPS99TV历史原文 · 暂无当前语言译文

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ បានបង្ក្រាបរថយន្តមួយគ្រឿងដឹកសាច់ជ្រូក និងសាច់មាន់បង្កកខូចគុណភាពចំនួន១១.៥តោនយកទៅដុតបំផ្លាញចោល។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅចំណុចវិថីឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្នុងពេលដែលរថយន្ត១គ្រឿងនោះនាំចូលសាច់ជ្រូក និងសាច់មាន់បង្កកចំនួន១១.៥តោន គ្មានលិខិតស្នាម និងខូចគុណភាពមកពីខេត្តស្វាយរៀងដើម្បីមកចែកចាយនៅរាជធានីភ្នំពេញ។

ដោយឡែក លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងបន្ថែមថា មន្ត្រីជំនាញនូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់ការនាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ចំណែក វត្ថុតាងសាច់ជ្រូក និងសាច់មាន់បង្កកចំនួន១១.៥តោន កម្លាំងជំនាញយកទៅដុតបំផ្លាញចោល។

យ៉ាងណា ការឈានដល់ការបង្ក្រាបករណីខាងលើ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងបង្ក្រាបដោយផ្ទាល់, លោកឧត្តមសេនីយ៍ទោ ម៉ៅ រង្សី ស្នងការរង ទទួលដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…