ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានរាយការណ៍នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
ការប្រកាសនេះ បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ចំណុចនេះ ត្រូវបានក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនៅប្រទេសថៃ។
ក.ប.ទ បានគូសបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងដូចការចោទប្រកាន់របស់ភាគីថៃនេះនោះទេ។ ក.ប.ទ យល់ថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។
ផ្ទុយទៅវិញ ក.ប.ទ បានបញ្ជាក់ថា «ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច៕
ដោយ៖ ង៉ែត ពិសាន្ត



