(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នេះបើយោងតាមក្រសួងព័ត៌មាន។
សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភរបស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។
ឯកឧត្តម Pabitra Margherita មានមោទនភាពដែលបានជួបសម្តេច ដែលជារដ្ឋបុរសមួយរូប នៅក្នុងចំណោមប្រទេស Global South និងជាសរសរស្តម្ភនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដោយឯកឧត្តមអនុរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលបានធ្វើការ និងមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ចំនួន៦រូប។
ឯកឧត្តមអនុរដ្ឋមន្រ្តី បានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមអនុរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានា ចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ហើយនិងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងនេះ និងបានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយគាំទ្រ និងជំរុញឱ្យឥណ្ឌាបានក្លាយជាដៃគូរបស់អាស៊ាន។
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងបានរំលឹកឡើងវិញអំពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌា ដល់កម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ទាំងនយោបាយ និងសេដ្ឋកិច្ច។ ជាក់ស្តែង សម្តេចបានគូសបញ្ជាក់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាមុនគេ នៅឆ្នាំ១៩៨១ ហើយឥណ្ឌាក៏បានផ្តល់ជំនួយឧបត្ថម្ភនានា រួមទាំងស្បៀងអាហារ នៅពេលកម្ពុជាជួបប្រទះការខ្វះខាតនៅដំណាក់កាលនោះ និងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ រួមទាំងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការបញ្ជូនអ្នកបច្ចេកទេសមកជួយជួសជុលប្រាសាទ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ សម្តេចបានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានសក្តានុពលជាច្រើនទៀត។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។ នៅក្នុងបរិបទនេះ សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ។ សម្តេចបានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ សម្តេចបានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
នៅក្នុងក្របខណ្ឌពហុភាគី សម្តេចតេជោបានរំលឹកអំពីការជួយធ្វើចលនាផ្ទាល់របស់សម្តេច ដើម្បីជំរុញឥណ្ឌាឱ្យក្លាយជាដៃគូរបស់អាស៊ាន ដែលការជួយជំរុញនេះគឺសាកសមទៅនឹងគោលនយោបាយ ឬសកម្មភាពងាកមកទិសខាងកើតរបស់ឥណ្ឌាផង ហើយក៏សមស្របទៅនឹងនយោបាយជិតខាងល្អរបស់តំបន់ផងដែរ។
ឆ្លៀតនៅក្នុងឱកាសនៃជំនួបនេះ សម្តេចតេជោ បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ទេសចរឥណ្ឌានៅតំបន់កាស្មៀ នៅក្នុងជម្លោះជាមួយប៉ាគីស្ថាន កាលពីខែមេសាកន្លងទៅ។ ជាមួយគ្នានេះ សម្តេចបានជម្រាបជូនគណៈប្រតិភូឥណ្ឌា ជាមួយនឹងការសោកស្តាយ អំពីសកម្មភាពដែលភាគីថៃបានធ្វើឱ្យស្ថានភាពទំនាក់ទំនងជាមួយកម្ពុជា កើតឡើងនូវភាពតានតឹង ហើយសម្តេច បានលើកឡើងអំពីចំណាត់ការនានារបស់កម្ពុជា ព្រមទាំងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕
ដោយ៖ ចិន្តា ទីទិ



