ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងតាមរយៈដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ សិក្ខាកាមមន្ត្រីការទូតចិន-កម្ពុជា បានសន្យាថា នឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងវិនិយោគក្នុងខេត្តព្រះសីហនុទៅកាន់ពិភពលោក ជាពិសេសប្រជាជនចិន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែម។
សិក្ខាកាមមន្ត្រីការទូតចិន-កម្ពុជាចំនួន ២៧រូប នៃសិក្ខាសាលាបណ្តុះបណ្តាលស្តីពី យុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយក្នុងកិច្ចការបរទេស និងទំនាក់ទំនងការទូត បានធ្វើដំណើរមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ ដោយបានបញ្ជាក់នៅចំពោះមុខឯកឧត្តមអភិបាលខេត្តថា៖ «គោលដៅនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ គឺដើម្បីផ្សារភ្ជាប់នូវការផ្សព្វផ្សាយ និងការស្វែងយល់អំពីសក្តានុពលរបស់ខេត្តក្នុងការផ្តល់ឱកាសឱ្យអ្នកការទូតកម្ពុជា និងបរទេសធ្វើជាចំណេះដឹងសម្រាប់ជួយទាក់ទាញអ្នកវិនិយោបន្ថែម និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍»។
ឆ្លើយតបនឹងការលើកឡើងរបស់គណៈប្រតិភូខាងលើ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញអំពីសក្តានុពលខេត្តព្រះសីហនុដែលជាខេត្តមួយពោរពេញទៅដោយធនធានធម្មជាតិដ៏សម្បូរបែប។ ក្នុងនោះមានឆ្នេរសមុទ្រប្រវែងជាង ១៧៥គីឡូម៉ែត្រ, និងកោះចំនួន៣២ ព្រមទាំងមានព្រៃកោងកាង, ទឹកជ្រោះ, ឧទ្យានជាតិលើគោក និងឧទ្យាជាតិបាត់សមុទ្រ...ជាដើមដែលជាមូលដ្ឋានគ្រឹះនៃគោលដៅវិស័យទេសចរណ៍។
ក្រៅពីនេះ ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ដោយសារមានធនធានធម្មជាតិ និងសក្តានុពលនៃវិស័យដឹកជញ្ជូន ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ទើបរាជរដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានរំលេចអំពីទំនាក់ទំនងកម្ពុជា-ចិនដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដោយសារតែទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ បានធ្វើឱ្យការវិនិយោគ និងភ្ញៀវទេសចរចិនមកប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងប្រជាជនចិនផងដែរ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានអញ្ជើញមកដល់ខេត្តព្រះសីហនុ និងសង្ឃឹមថា សក្ខាកាម និងគណៈប្រតិភូទាំងអស់ជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែទូលំទូលាយបន្ថែម ជាពិសេសទៅដល់ប្រជាជនចិន៕
ដោយ៖ ង៉ែត ពិសាន្ត



















