Dongbaishan Holding Group Co., Ltd. and its subsidiaries ជាក្រុមហ៊ុនរបស់ចិនដែលមានបទពិសោធន៍ជាង ២០ឆ្នាំ បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណ៥០០លានដុល្លាអាមេរិក ដើម្បីបង្កើតរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា) នៅខេត្តកំពង់ស្ពឺ របស់ប្រទេសកម្ពុជា។
គម្រោងបង្កើតរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា) នឹងចាប់ផ្តើមនៅអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ ដោយសាងសង់លើផ្ទៃដីប្រមាណជិត៦០០ហិកតា។ នេះជាការអះអាងលោក Si Juchen តំណាងក្រុមហ៊ុនចិនខាងលើ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សាយពីមន្ទីរព័ត៌មានខេត្តខេត្តកំពង់ស្ពី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុន Dongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា-ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លាអាមេរិក វិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ហើយនៅពេលដែលរោងចក្រចាប់ដំណើរការនិងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តក្នុងរង្វង់ពី១,៥០០នាក់ទៅ៣,០០០នាក់។
ឆ្លើយនឹងការអះអាងរបស់លោក Si Juchen ដែលសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សឡា) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។
ឯកឧត្តមបានថ្លែងអំណរគុណដល់អ្នកវិនិយោគដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបោះទុនវិនិយោគនៅប្រទេសកម្ពុជាហើយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ ឯកឧត្តម បញ្ជាក់ថាបច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ ២,៤៤២រោងចក្រ ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង ៩០%ជាជនជាតិចិន៕
ដោយ៖ ង៉ែត ពិសាន្ត




