跳至正文
西哈努克省电视台 · 官方网站
登录

តុលាការកាត់ទោសជនជាតិចិននិងឥណ្ឌូនេស៊ី៨នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតករណីជួញដូរគ្រឿងញៀននិងលាងសម្អាតប្រាក់

KPS99TV历史原文 · 暂无当前语言译文

ជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ីចំនួន៨នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេលអស់មួយជីវិត ដោយសារពាក់ព័ន្ធករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន និងលាងសម្អាតប្រាក់។

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី៣០ ខែមករាថា អង្គជំនុំជម្រះ បានប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែមករា ដោយផ្ដន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទក្នុងម្នាក់ៗ កំណត់រយៈពេលអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០០.០០០.០០០៛ (បួនរយលាន) រៀល។ ការផ្តន្ទាទោសដូច្នេះ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈលើសំណុំរឿងរបស់ពួកគេចំនួន២លើក គឺនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ និងបន្តសវនាការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមជនល្មើសទាំងនេះ បានប្រព្រឹត្តបទល្មើសនោះនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។ ពួកគេត្រូវបានផ្ដន្ទាទោស តាមមាត្រា៤០ និង ទី៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ចំណែក វត្ថុចាប់យកត្រូវបានរឹបអូសទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ដែរថា ចំពោះគ្រឿងញៀនដែលត្រូវបានរឹបអូសទាំងអស់ ត្រូវបានបំផ្លាញចោល។

សូមជម្រាបថា កាលពីខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាង១តោនកន្លះ នៅកំពង់ផែកំពេញ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅពេលដែលក្រុមជនល្មើសទាំងនោះដឹកគ្រឿងញៀនពីប្រទេសឡាវឆ្លងកាត់កម្ពុជាក្នុងទិសដៅទៅកោះតៃវ៉ាន់។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសកេតាមីន (Ketamine) ១០០០ដុំ ស្មើនឹងជាង ៩៨០គីឡូក្រាម និងមេតំហ្វេតាមីន(ICE) ៥៣៤ដុំ មានទម្ងន់ជាង៥៣០គីឡូក្រាម៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…