បើតាមក្រសួងធនធានទឹក និងឧតុនិយម បានព្យាករធាតុអាកាសចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញងា ព្យុះទី៣ ឈ្មោះ មូន (Mun)T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ព្យុះមូន និងព្យុះដាណាស នេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។
ស្ថានភាពបែបនេះ បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ឱ្យដឹងថា តំបន់វាលទំនាប មានខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ២៥ភាគរយ។
ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកំពត កោះកុង ព្រះសីហនុ កែបនិងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៣៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ។
បើតាមការព្យាករខាងលើ ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងបរិមាណពីតិចទៅបង្គួរ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕
ដោយ៖ ង៉ែត ពិសាន្ត


