跳至正文
西哈努克省电视台 · 官方网站
登录

គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីប្រទេសវៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខ លោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលជួបសម្ដែងការគួរសម និងជូនពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រះសីហនុ បានជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧–១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកបានលើកឡើងថា នេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យ ដែលខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ បានជួបជុំគ្នា និងសួរសុខទុក្ខគ្នា ជាកាយវិការដ៏ប្រពៃ និងជាទំនៀមទម្លាប់ល្អផូរផង់ រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនង និងការជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។

នាឱកាសដដែលនេះ លោកអភិបាលរងខេត្ត ក៏បានជូនពរដល់ថ្នាក់ដឹកនាំបក្ស និងប្រជាពលរដ្ឋខេត្តកាម៉ាវ ឲ្យទទួលបានសុខភាពល្អក្នុងឆ្នាំថ្មី សម្រេចភារកិច្ចដោយជោគជ័យធំៗបន្ថែមទៀត ជូនជាតិ និងប្រជាជន។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងខេត្ត និងប្រទេសទាំងពីរ នឹងបន្តមានភាពល្អប្រសើរឡើង ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនិញរវាងខេត្តសម្ព័ន្ធមេត្រីភាព ដែលកាន់តែមានការរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម ហ្វិញ ជីងញៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជាមានសេចក្តីរីករាយ ដែលបានទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តកាម៉ាវ។ ឯកឧត្តមក៏បានជម្រាបជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍខេត្ត រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភូមិសាស្ត្រនានា ក្នុងខេត្តកាម៉ាវ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមបានជូនពរ និងប្រសិទ្ធពរដល់គណៈប្រតិភូខេត្តព្រះសីហនុ ឲ្យទទួលបានជ័យជំនះ សុខភាពល្អបរិបូរណ៍ និងសម្រេចបានលទ្ធផលល្អប្រសើរបន្ថែមទៀត ក្នុងការដឹកនាំអភិវឌ្ឍ និងកសាងខេត្តព្រះសីហនុ ឲ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកម្សាន្តកាន់តែច្រើន។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូខេត្តព្រះសីហនុ ក៏បានជូនកាដូអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តកាម៉ាវ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយភាពស្និទស្នាល និងមិត្តភាពរវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…