跳至正文
西哈努克省电视台 · 官方网站
登录

កម្មវិធីបោសផ្កាទុរេន បង្កាត់ពូជកេសរញី-កេសរឈ្មោល បង្កើនទិន្នផលនៅស្រុកលំផាត់ ម្ចាស់ចំការរំពឹងថា ឆ្នាំ២០២៦ នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន

KPS99TV历史原文 · 暂无当前语言译文

លោក គឹម រស្មី ម្ចាស់ចំការទុរេន បានឲ្យដឹងថា កម្មវិធីបោសផ្កាទុរេនបង្កាត់ពូជ គឺជាការបំពេញបច្ចេកទេសបន្ថែមពីការបង្កាត់ពូជបែបធម្មជាតិ និងវិទ្យាសាស្ត្រ (ការបង្កាត់កេសរញី និងកេសរឈ្មោលឲ្យជួបគ្នា) ដើម្បីបង្កើនទិន្នផលឲ្យបានខ្ពស់។

កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ដឹកនាំសហការី នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអញ្ជើញចូលរួមកម្មវិធីបោសផ្កាទុរេន បង្កាត់ពូជកេសរញី-កេសរឈ្មោល នៅភូមិសេអិល ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ខណៈម្ចាស់ចំការរំពឹងថា នៅឆ្នាំ២០២៦ នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន។

លោក គឹម រស្មី បានបញ្ជាក់ថា លោកប្រកបរបរដាំទុរេននេះអស់រយៈពេល ៨ ឆ្នាំមកហើយ ដោយទុរេនចាប់ផ្តើមឲ្យផលចាប់ពីឆ្នាំទី៤ឡើងទៅ ហើយទិន្នផលកើនឡើងបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្ថែមថា បច្ចុប្បន្នមានផ្ទៃដីដាំទុរេនជាង ៣០ ហិកតា ប្រើប្រាស់កម្មករជាង ៣០ នាក់ ដោយផ្តល់ប្រាក់ខែចន្លោះពី ១,១ លានរៀល ដល់ ១,២ លានរៀល ក្នុងមួយខែ។ ទោះបីលោកមិនមានជំនាញផ្នែកកសិកម្មដោយផ្ទាល់ក៏ដោយ ប៉ុន្តែលោកមានចំណង់ចំណូលចិត្តខ្លាំងលើវិស័យនេះ ហើយនៅឆ្នាំ២០២៥ អាចប្រមូលទិន្នផលបានប្រមាណ ៤០០ តោន។

បើតាមអ្នកបច្ចេកទេសបានឲ្យដឹងថា ការថែទាំទុរេនដើម្បីទទួលបានទិន្នផលខ្ពស់ ត្រូវអនុវត្តតាមដំណាក់កាលជាច្រើន ដូចជា ការថែទាំផ្កា ការថែទាំសុខភាពដើម និងការប្រើប្រាស់ជីតាមស្តង់ដារ ស្របតាមអាយុកាលដើមទុរេន។

លោកបានបន្ថែមទៀតថា ការបង្កាត់ពូជបែបវិទ្យាសាស្ត្រនេះ ប្រើពេលវេលាប្រមាណតែ ២ ម៉ោងប៉ុណ្ណោះ គឺចាប់ពីម៉ោង ៩ យប់។ ចំពោះរយៈពេលទទួលផលពីដំណាំទុរេន មានរយៈពេលប្រមាណ ៦ ខែ ឬស្មើនឹង ១៨០ ថ្ងៃ គិតចាប់ពីពេលទុរេនចេញផ្កា រហូតដល់ពេលប្រមូលផល។ រីឯពូជទុរេនដែលដាំនៅខេត្តរតនគិរី រួមមាន ម៉ាន់ថង មូស៊ឹងឃីង ទុរេនដូនតា អឺខាក់ រី៦ កាន់យ៉ាវ ជាដើម ខណៈដែលទីផ្សារមានតម្រូវការខ្ពស់ជាពិសេសលើពូជម៉ាន់ថង និងមូស៊ឹងឃីង។

ចំពោះកម្មវិធីបោសផ្កាទុរេនបង្កាត់ពូជកេសរញី-កេសរឈ្មោល នាល្ងាចថ្ងៃដដែល ក៏មានការរៀបចំបាយសាមគ្គី ដែលផ្តួចផ្តើមដោយម្ចាស់ចំការទុរេន និងភ្ញៀវកិត្តិយសមួយចំនួនក្នុងខេត្តរតនគិរី ព្រមទាំងមានការឧបត្ថម្ភថវិកាពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ចំនួន ៥ លានរៀល ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…