跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលបានអនុវត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជាដែលត្រូវបានថៃកាន់កាប់។ ក្នុងការតវ៉ាថ្មីៗនេះ កម្ពុជា បានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងចំនួនពីរ ក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ស្ថិតក្នុងស្រុកអូរស្មាច់។ ពីរថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញពីទីតាំងបិទផ្លូវដោយកុងតឺន័រ នៅក្នុងភូមិអូរខ្លាឃ្មុំ។ ចំណែកនៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ទីតាំងទាំងនេះ ស្ថិតនៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ ការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នា នៅក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពទាំងនេះ បានរារាំងបន្ថែមដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងដោយថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជា ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយក៏ជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត។ ដោយ៖ KPS99TV

评论

正在加载评论…