跳至正文
西哈努克省电视台 · 官方网站
登录

ទូតសហភាពអឺរ៉ុបប្រាប់ជនភៀសសឹកកម្ពុជាថា«មិនឱ្យប្រជាជនកម្ពុជានៅឯកោតែឯងនោះទេគឺសហភាពអឺរ៉ុបនឹងនៅជាមួយ»

KPS99TV历史原文 · 暂无当前语言译文

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ បានថ្លែងប្រាប់ជនភៀសសឹកខ្មែរនៅវត្តកណ្ដោល ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈថា «បងប្អូនជនរងគ្រោះ និងប្រជាជនកម្ពុជាមិននៅឯកោតែម្នាក់ឯងនោះទេ គឺសហភាពអឺរ៉ុបនឹងនៅទីនេះជាមួយបងប្អូនតទៅ»។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូនាំយកអំណោយចែកជូនជនភៀសសឹកមកពីតំបន់បឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់បន្ថែមថា ទោះបីជាសហភាពអឺរ៉ុប មិនបានចូលរួមចំណែកទាំងស្រុងក្ដី ក៏នៅតែបន្តជួយតាមលទ្ធភាព ដើម្បីសម្រាលភាពឈឺចាប់របស់ជនភៀសសឹកនៅទីនេះដែរ។ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «សារសំខាន់ក្រៅពីជំនួយដែលយើងនាំមកនៅថ្ងៃនេះ ខ្ញុំចង់បង្ហាញទៅកាន់បងប្អូនជនរងគ្រោះ និងប្រជាជនកម្ពុជាថា ពួកគាត់មិននៅតែឯងនោះទេ សហភាពអឺរ៉ុបនឹងនៅទីនេះជួយសម្របសម្រួលពួកគាត់ ចាប់ពីពេលនេះរហូតដល់ពេលខាងមុខ»។

មិនតែប៉ុណ្ណោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានមើលឃើញពីភាពលំបាកនៃប្រជាជនរងគ្រោះរបស់កម្ពុជា និងបានដឹងយ៉ាងច្បាស់ថា ការដែលប្រជាពលរដ្ឋកម្ពុជា ពុំអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន គឺដោយសារទង្វើរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកម្រោលរបស់យោធាថៃ ក្រោយបទឈប់បាញ់។

សូមជម្រាបថា ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ននេះ មានជនភៀសសឹកដែលពុំទាន់អាចចូលលំនៅដ្ឋានវិញបានជាង ២,៧០០គ្រួសារ។ បញ្ហានេះកើតឡើងដោយសារយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័របាំងផ្លូវចូលលំនៅដ្ឋានរបស់ពលរដ្ឋមកពី៦ភូមិ ដូចជាភូមិព្រៃចាន់ ជោគជ័យ ផ្លូវបំបែក សាមគ្គីមានជ័យ បន្ទាយមានឫទ្ធិ និងត្រពាំងសំរោង។សកម្មភាពដាក់កុងតឺន័ររបស់យោធាថៃ កើតឡើងក្រោយបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…