跳至正文
西哈努克省电视台 · 官方网站
登录

ស្នងការខេត្តព្រះសីហនុប្រាប់ឱ្យពលរដ្ឋធ្វើដំណើរប្រុងប្រយ័ត្នក្នុងរដូវវស្សាជៀសវាងគ្រោះថ្នាក់ចរាចរណ៍

历史原文 · 暂无当前语言译文

ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៥ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិដែលកំពុងស្នាក់នៅ ឬធ្វើដំណើរជាបណ្តោះអាសន្នក្នុងខេត្ត ត្រូវអនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវមានភ្លៀងធ្លាក់ច្រើន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុគ្រប់ពេល។

ឯកឧត្តម បានរំលឹកដល់អ្នកបើកបរទាំងអស់ ជាពិសេសអ្នកប្រើម៉ូតូឱ្យពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ជៀសវាងការបើកបរដោយល្មើសច្បាប់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ ក្នុងពេលជួបករណីកកស្ទះចរាចរណ៍ សូមអនុវត្តចរិតអធ្យាស្រ័យ និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។

ទន្ទឹមនឹងការណែនាំ និងអំពាវនាវខាងលើ ឯកឧត្តម ស រដ្ឋា សង្កត់ធ្ងន់ថា ឯកឧត្តម នឹងចាត់ឱ្យកម្លាំងនគរបាលជំនាញ បង្កើនការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះតែម្តង ដើម្បីធានាសុវត្ថិភាពសាធារណៈ៕

សូមជម្រាបថា ក្នុងខែមិថុនា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ដែលមានអ្នកស្លាប់ចំនួន ១២នាក់ (ស្រី១០នាក់) កើនឡើង ៦នាក់ និងបង្កឱ្យមានអ្នករងរបួសចំនួន១៦នាក់ (ស្រី៣នាក់) ក្នុងនោះរបួសធ្ងន់ ១៥នាក់ កើនឡើង១៣នាក់ បើធៀបនឹងខែឧសភា។ ចំពោះមូលហេតុដោយសារពួកគេមិនពាក់មួកសុវត្ថិភាព និងជិះបញ្ច្រាស់ទិសចរាចរណ៍ ហើយទីតាំងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ មាន ៨ករណី, ផ្លូវខេត្តចំនួន ១១ករណី ខណៈភាគច្រើនកើតឡើងនៅពេលយប់។ ក្នុងនោះ កម្លាំងជំនាញ បានកសាងសំណុំរឿងនិងបញ្ជូនអ្នកគ្រោះថ្នាក់ចរាចរណ៍ទៅកាន់តុលាការចំនួន៩ករណី មានអ្នកបើកបរចំនួន៦នាក់។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…