ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌា លោក វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង (Vanlalvawna Bawitlung) អំពីបញ្ហាតាមបន្ទាត់ព្រំដែន និងផលប៉ះពាល់ពីសកម្មភាពឈ្លានពាន ដែលបានបង្កការខូចខាតដល់វត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយកងទ័ពថៃ ព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។
អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមថា យោធាថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
បច្ចុប្បន្ននេះ ក៏មានប្រជាពលរដ្ឋចំនួន៣.០៧៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១.២៥០នាក់/ស្រី៥.៦៤៧នាក់ កុមារ៣.៤៣៤នាក់ និងព្រះសង្ឃចំនួន៤៤អង្គ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនស្នាក់នៅផ្ទះសាច់ញាតិ រីឯព្រះសង្ឃបន្តគង់នៅវត្តផ្សេងពីវត្តរបស់ព្រះអង្គ ដែលមានសុវត្ថិភាព។
បើតាមអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ភូមិទាំង៦នោះគឺ២ភូមិក្នុងឃុំអូរបីជាន់ មានដូចជាភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ និងតំបន់បឹងត្រកួនមាន៤ភូមិដូចជា ភូមិបន្ទាយមានឬទ្ធិ ភូមិផ្លូវបំបែក ភូមិសាមគ្គីមានជ័យ និងភូមិបឹងសំរោង ក្នុងឃុំគោករមៀត ស្រុកថ្មពួក៕
ដោយ៖ ចិន្តា ទីទិ











