អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% បន្ទាប់ពីកម្ពុជា បានចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់២ដងកន្លងមក។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី «អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក» បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីរដ្ឋបាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី០៧ ខែកក្កដា ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានអំពាវនាវដល់ក្រុមហ៊ុន ដែលមានរោងចក្រនៅកម្ពុជាឱ្យរក្សាភាពស្ងប់ស្ងៀម ខណៈរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារនិយោជក និយោជិត និងផលប្រយោជន៍របស់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបែបនេះ៖ «ចំពោះអ្នកវិនិយោគថា ពិនិត្យពិចារណាចង់រើ ខ្ញុំថានៅឱ្យស្ងៀម តួលេខ ៣៦% នេះ មិនមែនតួលេខដែលគេឆ្លាក់នៅលើថ្មទេ អាចលុបបានមួយភ្លែត លុបចេញ ដាក់តួលេខទាបបំផុត ក្រោយពីយើងចរចាជាមួយសហរដ្ឋអាមេរិក»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត។ ឯកឧត្តមបន្ថែមថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ។
ដោយឡែក ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)៕
ដោយ៖ ង៉ែត ពិសាន្ត



