跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងបរិស្ថានចាត់វិធានការច្បាប់បន្ទាន់ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co., Ltd. ដើម្បីទប់ស្កាត់ការបំពុលសុខភាពសាធារណៈ និងបរិស្ថាន

KPS99TV历史原文 · 暂无当前语言译文

ដើម្បីជំរុញការវិនិយោគស្អាត ប្រកបដោយចីរភាពទូទាំងប្រទេស និងឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល ក្រសួងបរិស្ថានបានដាក់ចេញវិធានការច្បាប់ជាបន្ទាន់ ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co., Ltd. ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកុយ ស្រុកសាលាក្រៅ ខេត្តបៃលិន នាពេលថ្មីៗនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈ និងបរិស្ថាន ព្រមទាំងលើកកម្ពស់ផ្នត់គំនិតផលិតកម្មស្អាតក្នុងចំណោមម្ចាស់អាជីវកម្ម។

វិធានការច្បាប់ និងជំហានបន្តបន្ទាប់ដែលក្រសួងបានអនុវត្ត ធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនខាងលើបានបង្កការបំពុលបរិស្ថាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា ១៧៨ មាត្រា ២៨៧ និងមាត្រា ២៨៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ២៣ នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា ១២ ថ្មី និងមាត្រា ១៧ ថ្មី នៃអនុក្រឹត្យស្តីពីការកែសម្រួលការត្រួតពិនិត្យការបំពុលទឹក ព្រមទាំងប្រការ ៥ នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្កានុពល។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការសម្របសម្រួលក្នុងជំហានបឋម មុនឈានដល់ការចាត់វិធានការផ្លូវច្បាប់ ដោយបានបញ្ជាឱ្យផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងអញ្ជើញតំណាងក្រុមហ៊ុនមកធ្វើការណែនាំ អប់រំ និងផ្សព្វផ្សាយអំពីផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថាន និងសុខភាពសាធារណៈ។

សូមបញ្ជាក់ថា នីតិវិធីនៃការអនុវត្តវិធានការច្បាប់បន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅទីតាំងដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន។ ក្រសួងក៏បានផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវតាមបច្ចេកទេស និងនីតិវិធីច្បាប់ ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…