ក្រោយពីសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងនៅត្រង់ចំណុចក្បាលស្ពានព្រះសិវៈ ស្ថិតតាមបណ្តោយមហាវិថីឆ្នេររាម នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានបញ្ជាឱ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះជួសជុល និងកែលម្អក្បាលស្ពានព្រះសិវៈជាបន្ទាន់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា៖ «ស្ពានចន្លោះពីរង្វង់មូលព្រះថោងទៅរង្វង់មូលព្រះសិវៈ កញ្ចប់ថវិការបានធ្លាក់មកហើយឬនៅ? ខ្ញុំសូមថារាំងភ្លៀងគឺយកទៅរៀបចំធ្វើសិន។ ថវិកាធ្លាក់ឬមិនទាន់ធ្លាក់ត្រូវរៀបចំធ្វើសិន យកកៅស៊ូទៅអ៊ុតឱ្យស្មើសិន។ កុំទាន់ឱ្យអានទៅរុះរើអីវាខ្លាំង។ ឥឡូវបណ្តោះអាសន្ន បើវាស្រុះនៅខាងក្បាលយកកៅស៊ូអ៊ុតទៅ។ ១០ម៉ែត្របន្ថែមឬ២០ម៉ែត្របន្ថែម ខ្ញុំគិតថាមិនអស់លុយច្រើនប៉ុន្មានទេ។ ចឹងសូមថារាំងភ្លៀងសូមអញ្ជើញទៅចាក់ចែងការងារហ្នឹង»។
បើតាមប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោកម៉ឹង យូឡេង លើកឡើងថា កាលពីដើមខែមិថុនា ឆ្នាំ២០២៥ មន្ទីរក៏បានជូនដំណឹងពីការបើកការដ្ឋានជួសជុលបន្ទាន់ក្បាលស្ពានព្រះសិវៈនេះដែរ ប៉ុន្តែដោយសារបញ្ហាធាតុអាកាសមានភ្លៀងធ្លាក់ជារៀងរាល់ពិបាកក្នុងការបើកការដ្ឋានជួសជុស ទើបគម្រោងនេះត្រូវបានពន្យារហូតមកដល់ពេលនេះ។
សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកការដ្ឋានជួសជុលក្បាលស្ពានព្រះសិវៈត្រង់ចំណុចគីឡូម៉ែត្រ ០១+២៥០ តាមបណ្តោយមហាវិថីឆ្នេរាម។ គម្រោងជួសជុលនេះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយសារក្បាលស្ពានព្រះសិវៈមានសភាពស្រុះចុះក្រោមខ្លាំងដែលអាចបង្កគ្រោះផ្សេងៗដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត










