ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃបន្តកើនកម្តៅខ្លាំងឡើង ក្រោយថ្ងៃ២៨ ឧសភា ជាថ្ងៃដែលទាហានកម្ពុជាម្នាក់បានបាត់បង់ជីវិតដោយសារកងទ័ពថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបាញ់ប្រហារមកលើប៉ុស្តិ៍យោធាកម្ពុជាមួយកន្លែង នៅស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គបម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់។ សកម្មភាពនេះ អាចជាចេតនាបញ្ឆេះ និងញុះញង់ឱ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន។
ក្នុងអំឡុងពេលដែលកម្លាំងទាហានកម្ពុជាដ៏អង់អាចបានហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដីមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។ ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងដាក់ទាហានកម្ពុជាយ៉ាងខ្លាំង៕
ដោយ៖ ង៉ែត ពិសាន្ត


