跳至正文
西哈努克省电视台 · 官方网站
登录

ភ្នំសំពៅនិងភ្នំបាណន់ក្នុងខេត្តបាត់ដំបងកំពុងសិក្សាបញ្ចូលជាតំបន់បេតិភណ្ឌធម្មជាតិ

历史原文 · 暂无当前语言译文

មន្រ្តីជំនាញនិងភាគីពាក់ព័ន្ធកំពុងរួមគ្នាសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សាទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរចំនួន២ គឺភ្នំសំពៅនិងតំបន់ភ្នំបាណន់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ ការពិនិត្យពិភាក្សានេះ ធ្វើឡើងដោយមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) ព្រមទាំងដៃគូអភិវឌ្ឍន៍។

មន្រ្តីអ្នកនាំពាក្យក្រសួងងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥នេះថា តាមរយៈការរពិនិត្យស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផងដែរ។

លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយអ្នកស្រាវជ្រាវមកពីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មានអាយុកាល(២៥១-២៩៩ លានឆ្នាំមុន)។ ក្រៅអំពីសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ៥លានក្បាល។

ជាមួយនិងផលប្រយោជន៍ផ្នែកទេសចរណ៍ខាងលើ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ។

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ» ជាកំណត់ត្រាថ្មីរបស់ពិភពលោក និងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ អ្នកជំនាញឱ្យដឹងថា ការរកឃើញនេះ គឺជាខ្យងរស់ មិនមែនជាសំណាកខ្យងទេ ហើយវាមានចំនួនច្រើននៅតាមភ្នំថ្មកំបោរក្នុងខេត្តបាត់ដំបង ពិសេសនៅភ្នំបាណន់តែម្តង។ 

លើសពីនេះកាលពីថ្មីៗកន្លងទៅ ក្រសួងបរិស្ថានក៏រកឃើញប្រភេទតុកែនិងជីងចក់កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា។ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ 

ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញលើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖ ១.តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ ២. ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់ និង៣. ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…