លោក Fang ម្ចាស់សណ្ឋាគារថ្មដា Heng Fang hotel នៅស្រុកថ្មដា ខេត្តពោធិ៍សាត់ ដែលទាហានថៃយកបន្លាលួសហ៊ុំព័ន្ធ បានចេញវីដេអូបកអាក្រាតសកម្មភាពរបស់យោធាថៃ ដែលបានបាញ់ប្រហារមកលើទឹកដីកម្ពុជា និងយកបន្លាលួសព័ទ្ធយកសណ្ឋាគាររបស់លោក រួមទាំងរុះរើបំផ្លាញ និងលួចយករបស់មានតម្លៃក្នុងសណ្ឋាគារគ្មានសល់ ប្រៀបបាននឹងពួកចោរចូលប្លន់តែម្តង។
លោក Fang សម្រេចទម្លាយទង្វើរបស់យោធាថៃនៅលើបណ្តាញសង្គមលើកដំបូងរបស់លោក គឺដើម្បីឆ្លើយតបទៅនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃមួយចំនួនដែលបានផ្សព្វផ្សាយលាបពណ៌ប្រឌិតព័ត៌មាន ហើយក៏ចង់បកអាក្រាតជនល្បីតាមបណ្ដាញសង្គមរបស់ថៃមួយចំនួនដែលផ្សាយមិនពិតពីកម្ពុជា។
លោក Fang បានរៀបរាប់ថា ពេលព្រឹកព្រលឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមរវាងកម្ពុជា និងថៃបានចាប់ផ្ដើម លោកបានលឺសូរសំឡេងគ្រាប់ផ្លោងមានចម្ងាយពីសណ្ឋាគាររបស់លោកប្រហែលជា ៥០០ម៉ែត្រ បុគ្គលិកសណ្ឋាគាររបស់លោកក៏បានជម្លៀសចេញអស់ នៅសល់តែគ្រួសារលោក និងភ្ញៀវតិចតួចតែប៉ុណ្ណោះ។ នៅថ្ងៃត្រង់ថ្ងៃដដែលនោះ មានគ្រាប់ផ្លោងចូលមកតំបន់នោះទៀត លោកក៏សម្រេចចិត្តបិទសណ្ឋាគារ ដើម្បីទៅរកទីទួលសុវត្ថិភាព។
ក្រោយជម្លៀសខ្លួនអស់មួយរយៈ លោក Fang ក៏បានត្រឡប់ទៅមើលសណ្ឋាគារលោកវិញ តែពេលនោះលោកបានឃើញទាហានថៃ បានរុញរទេះប្រមូលឥវ៉ាន់ដែលមានតម្លៃនៅក្នុងហាងរបស់លោកយកធ្វើជាកម្មសិទ្ធិ ដែលនេះគឺជាសកម្មភាពប្លន់តែម្ដង ពេលនោះទោះបីលោកបានប្រាប់ទៅទាហានថៃកុំឱ្យយកឥវ៉ាន់ទាំងនោះ ក៏ទាហានថៃមិនព្រមស្តាប់នោះឡើយ។
លោក Fang បានបន្ថែមទៀតថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកក៏បានសាកល្បងទំនាក់ទំនងជាមួយនឹងទាហានថៃជាច្រើនដង ដើម្បីសុំចូលមើលសណ្ឋាគាររបស់លោក តែត្រូវបានបដិសេធ ដូច្នេះលោក ក៏បានលួចលូនចូលតាមបន្លាលួស ដើម្បីទៅមើលសណ្ឋាគាររបស់លោក ហើយទិដ្ឋភាពនៅខាងក្នុង គឺកុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ូតូ ម៉ាស៊ីនបោកខោអាវ របស់មានតម្លៃ ទូដែក ដែលដាក់របស់របរមានតម្លៃ ត្រូវបានទាហានថៃគាស់លួចគ្មានសល់ឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត



