សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកស្តេចប្រដាល់លោក អេ ភូថង ជាដើមទុនដ៏ធំនៅក្នុងកីឡាប្រដាល់គុនខ្មែររបស់កម្ពុជា។ សម្តេចបានសរសេរក្នុងបណ្តាញសង្គមថា ៖«ពុកបានដឹកនាំប្រទេសជាង ៤៧ឆ្នាំហើយ។ ការរីកចម្រើននៃកីឡាប្រដាល់គុនខ្មែរមានចំណែករបស់ពុកបន្សល់ទុក។ អេ ភូថង ជាដើមទុនធំរបស់កម្ពុជានាពេលនោះ ដើម្បីកីឡាប្រដាល់គុនខ្មែរ និងទាញបរទេសមកវាយនៅកម្ពុជា»។
សម្តេចតេជោ កាលពីម្សិលមិញ បានស្នើឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលការពិន័យរយៈពេល ៦ខែលើកីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីនភូថង ដែលជាកូនរបស់លោក អេ ភូថង។ ក្រោយសម្តេចស្នើបានប្រមាណ២ម៉ោង សហព័ន្ធកីឡាប្រដាល់កម្ពុជា បានចេញសេចក្តីប្រកាសលុបចោលការពិន័យលើកីឡាករទាំងពីរភ្លាមៗ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ។
ដើមហេតុដែលនាំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរដាក់ពិន័យលើកីឡាករទាំងពីររូបខាងលើ ដោយសារតែពួកគេមិនគោរពវិន័យ និងបទបញ្ជារបស់អង្គភាព។ យ៉ាងណា ការពិន័យនេះ ស្របពេលកីឡាករ ម៉ឺន មេឃា កំពុងស្ថិតនៅប្រទេសអង់គ្លេសដើម្បីរង់ចាំប្រកួតនៅទីនោះ។ ចំណែក កីឡាករ អេ អាំម៉ារីន ក៏មានឈ្មោះប្រកួតនៅថ្ងៃសៅរ៍នេះ នៅខេត្តរតនគិរី៕
ដោយ៖ ង៉ែត ពិសាន្ត






