跳至正文
西哈努克省电视台 · 官方网站
登录

ជំនួបជាមួយសម្តេចហ៊ុន សែន៖ទូតបារាំងថាត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា

历史原文 · 暂无当前语言译文

ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអះអាងពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ដែលជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។

ការអះអាងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ធ្វើឡើងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ក្នុងទីក្រុងភ្នំពេញ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់ឯកឧត្តម ដែលបានចាប់ផ្តើមជាមួយកម្ពុជា កាលពី៣០ឆ្នាំមុន និងបញ្ចប់ជាមួយកម្ពុជា បន្ទាប់ពីបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាមុនចូលនិវត្តន៍។ រយៈពេល៣០ឆ្នាំនេះ បានធ្វើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ 

ក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ដោយឯកឧត្តមបានសង្កេតឃើញអំពីសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ 

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងដោយលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំងជាដើម។ 

សម្តេច បានថ្លែងអំណរគុណចំពោះកិច្ចប្រហប្រតិបត្តិការ និងការជួយគាំទ្រនានាដែលបារាំងបានចូលរួមចំណែកកន្លងមក រួមទាំងការគាំពារបេតិកភណ្ឌ ការជួយបណ្តុះពូជដើមកៅស៊ូ និងវត្តមានរបស់ក្រុមហ៊ុន Vinci នៅកម្ពុជា និងបានស្នើឱ្យបារាំងចូលរួមចំណែកបន្តទៀត។ ជាមួយគ្នានេះ សម្តេចបានជម្រាបអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ 

សម្តេច ក៏បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំងផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាកន្លងមក៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…