跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុន VINCI Airports ចង់ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

历史原文 · 暂无当前语言译文

ប្រធានក្រុមហ៊ុន VINCI Airports លោក Nicolas NOTEBAERT បានអះអាងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត  និងទឹកស្អាតនៅកម្ពុជា ក្រៅពីតែវិស័យអាកាសចរ។

លោកប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ 

លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ លោកប្រធានក្រុមហ៊ុនបានជម្រាបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ 

ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុន បានអះអាងថា «ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត  និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន»។

ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន សម្ដេចធិបតី បានឆ្លើយតបដោយលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ជាពិសេសការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុនVINCI និងកម្ពុជា(១៩៩៥-២០២៥)។ 

សម្រាប់វិស័យអាកាសចរ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ, ភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។ 

ជាក់ស្ដែង កម្ពុជាបានចុះហត្ថលេខាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយប្រទេសមួយចំនួន ដូចជាឥណ្ឌា និងកំពុងពង្រីកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលការរីកចម្រើននៃការហោះហើរត្រង់នេះ នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលា លើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និង ជាអ្នកទេសចរ មកកម្ពុជាកាន់តែច្រើនថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…