跳至正文
西哈努克省电视台 · 官方网站
登录

ប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ពី១២ប្រទេស អញ្ជើញទៅពិនិត្យតំបន់ប្រាសាទព្រះវិហារ ដែលរងការខូចខាតធ្ងន់ធ្ងរ

KPS99TV历史原文 · 暂无当前语言译文

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក បានសម្របសម្រួលជូន គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ពី១២ប្រទេស អញ្ជើញទៅកាន់តំបន់ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យស្ថានភាព ការខូចខាតធ្ងន់ធ្ងរ ដែលបានកើតឡើងលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់មនុស្សជាតិ បន្ទាប់ពីរងការវាយប្រហារពីសំណាក់យោធាថៃ។

សូមគូសបញ្ជាក់ផងដែរថា សកម្មភាពវាយប្រហារចំនួន ២លើក ដោយប្រើសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពី យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបាញ់សំដៅមកលើប្រាសាទព្រះវិហារ ពីសំណាក់យោធាថៃ បានបណ្តាលឱ្យមានការប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ លើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកនេះ ព្រមទាំងបរិវេណជុំវិញផងដែរ។

ទង្វើនេះត្រូវបានចាត់ទុកថា ជាការបង្ហាញពីភាពអសីលធម៌ និងការប្រមាថមាក់ងាយចំពោះវប្បធម៌ អរិយធម៌ និងទីសក្ការៈ ដែលជាមរតករបស់មនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលដូនតាខ្មែរបានកសាង និងបន្សល់ទុកមក។

បើយោងតាមការកត់ត្រា និងចងក្រងពីការខូចខាតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្ហាញថា ការកត់ត្រាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញពីកម្រិតការខូចខាតធ្ងន់ធ្ងរជាងអ្វីដែលបានកត់ត្រាទុកក្នុងខែកក្កដា ឆ្នាំ២០២៥។

យោងតាមភស្តុតាងរូបថត និងវីដេអូ ដែលប្រមូលបានដោយ អាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងបេសកកម្មចងក្រងឯកសារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា មានចំនួន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារ និងបរិវេណជុំវិញ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋានរបស់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជាប្រឆាំងយ៉ាងដាច់ខាតចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងបន្តស្វែងរកដំណោះស្រាយដែល យុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរ អាចរួមរស់ជាមួយគ្នា ក្នុងបរិយាកាស សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…