នៅថ្ងៃទី៩ ខែមីនានេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានជូនដំណឹង ស្តីពីការបិទចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់ឡើងវិញ អំពីបេតុងសរសៃដែក ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា៖ គម្រោងការងារស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លង នឹងចាប់ផ្តើម អនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានថ្មីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះហើយ។
អាស្រ័យដូចបានជូនដំណឹងខាងលើ បញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ បិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ ទម្ងន់ផ្ទុកសរុបចាប់ពី ១៥តោន និងសូមបង្វែរ ទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះដោយឡែកចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាង ប្រវែង ០៤គីឡូម៉ែត្រ ដែល ក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ៕
ដោយ៖ ប៉ៃ សុឃីម








