ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអ៊ីរ៉ង់មានឆន្ទៈក្នុងការបញ្ចប់ជម្លោះ ក្នុងពេលដែលស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជាមួយអាម៉េរិក និងអ៊ីស្រាអែលដែលកំពុងតែក្តៅគគុក ប៉ុន្តែត្រូវមានការយល់ព្រមលើលក្ខខណ្ឌសំខាន់ចំនួន៣ ដើម្បីធានាថាសន្តិភាពនឹងមានភាពយូរអង្វែង។
- ទី១ អ៊ីរ៉ង់ទាមទារឱ្យភាគីពាក់ព័ន្ធទទួលស្គាល់សិទ្ធិស្របច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋាភិបាលនៅទីក្រុង Tehran ដោយគ្មានការរំលោភ ឬជ្រៀតជ្រែកពីក្រៅ។
- ទី២ គឺការបង់ប្រាក់សំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយសង្គ្រាម ដែលអ៊ីរ៉ង់អះអាងថាបានប៉ះពាល់ដល់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
និងលក្ខខណ្ឌទី៣ អ៊ីរ៉ង់ទាមទារឱ្យមានការធានាដ៏រឹងមាំពីសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការឈ្លានពាន ឬការវាយប្រហារណាមួយដែលអាចកើតឡើងម្តងទៀតនៅអនាគត។
ចំពោះការដាក់លក្ខខណ្ឌទាំង៣នេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាជំហរមួយរបស់អ៊ីរ៉ង់ក្នុងការស្វែងរកដំណោះស្រាយនយោបាយ ជំនួសការបន្តជម្លោះយោធា ខណៈសហគមន៍អន្តរជាតិជាច្រើនកំពុងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រកវិធីបញ្ចប់សង្គ្រាម ដើម្បីស្តារស្ថិរភាព និងសន្តិភាពក្នុងតំបន់ឡើងវិញ។
អ្នកតាមដានស្ថានការណ៍បានលើកឡើងថា ប្រសិនបើភាគីពាក់ព័ន្ធអាចពិចារណាលើលក្ខខណ្ឌទាំងនេះដោយស្មោះត្រង់ នោះអាចក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពសម្រាប់តំបន់ និងពិភពលោកទាំងមូល៕ អត្ថបទ៖ ឡាយ កុល





